
ក្រសួងការបរទេសចិន បានឲ្យដឹង នៅថ្ងៃសុក្រ (ទី១៥ ខែកញ្ញា) នេះ ថា ប្រទេសចិននឹងដាក់ទណ្ឌកម្មប្រឆាំងនឹងក្រុមហ៊ុនផលិតយន្តហោះចម្បាំង និងការពារជាតិអាមេរិក Northrop Grumman (NOC.N) និង Lockheed Martin (LMT.N) សម្រាប់ការផ្តល់អាវុធដល់កោះតៃវ៉ាន់។
អ្នកនាំពាក្យក្រសួងលោកស្រី Mao Ning បានប្រាប់សន្និសីទសារព័ត៌មាន ដែលតែងធ្វើជាប្រចាំថា ទណ្ឌកម្មកំពុងត្រូវបានអនុម័តក្រោមច្បាប់ប្រឆាំងនឹងទណ្ឌកម្មបរទេសរបស់ប្រទេសចិន។ លោកស្រីបាននិយាយថា៖ «យើងជំរុញឲ្យភាគីសហរដ្ឋអាមេរិកអនុវត្តឲ្យមានប្រសិទ្ធភាពនូវគោលការណ៍ចិនតែមួយ បញ្ឈប់ទំនាក់ទំនងយោធា រវាងសហរដ្ឋអាមេរិក និងកោះតៃវ៉ាន់ និងបញ្ឈប់ការផ្គត់ផ្គង់អាវុធដល់កោះតៃវ៉ាន់ បើមិនដូច្នេះទេ នឹងទទួលបាននូវការតបតយ៉ាងម៉ឺងម៉ាត់ និងខ្លាំងក្លាពីប្រទេសចិនជាមិនខាន»។
លោកស្រី Mao បានឲ្យឈ្មោះសាខារបស់ក្រុមហ៊ុន Lockheed Martin Corp ក្នុងរដ្ឋ Missouri ថា ជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុត ដែលបានជាប់ពាក់ព័ន្ធដោយផ្ទាល់ក្នុងការលក់អាវុធឲ្យកោះតៃវ៉ាន់ កាលពីថ្ងៃទី២៤ ខែសីហា ហើយបាននិយាយថា ក្រុមហ៊ុន Northrop Grumman បានចូលរួមម្តងហើយម្តងទៀតក្នុងការលក់អាវុធឲ្យទៅកោះតៃវ៉ាន់។
ការដាក់ទណ្ឌកម្មនេះ ត្រូវបានធ្វើឡើង ក្នុងអំឡុងសប្តាហ៍ដ៏មមាញឹកនៃសកម្មភាពយោធា ជុំវិញកោះដែលគ្រប់គ្រងដោយលទ្ធិប្រជាធិបតេយ្យ ដោយក្នុងនោះក្បួនកងនាវាចររបស់ចិន ដែលដឹកនាំដោយនាវាផ្ទុកយន្តហោះ Shandong បានធ្វើដំណើរឆ្លងកាត់ក្នុងចម្ងាយ ៦០ម៉ាយល៍ (១១១គីឡូម៉ែត្រ) ពីភាគអាគ្នេយ៍របស់កោះតៃវ៉ាន់។
តែយ៉ាងណាក្ដី ពាក់ព័ន្ធនឹងការដាក់ទណ្ឌកម្មរបស់ប្រទេសនេះ គេនៅមិនទាន់ឃើញមានប្រតិកម្មតបពីសំណាក់សហរដ្ឋអាមេរិកនោះទេ៕