
ផ្នែករបស់ស្ពានគ្រីម៉េ ដែលរងការខូចខាត កាលពីខែកក្កដា ក្នុងការវាយប្រហារ ដោយអ៊ុយក្រែន ត្រូវបានបើកឲ្យធ្វើចរាចរឡើងវិញហើយ កាលពីថ្ងៃព្រហស្បតិ៍ (ទី១៤ ខែកញ្ញា)។
ស្ពានគ្រីម៉េ ដែលតភ្ជាប់ដីគោករុស្ស៊ីជាមួយឧបទ្វីបគ្រីម៉េ ដែលត្រូវបានរុស្ស៊ីដាក់បញ្ចូលជាឧបសម្ព័ន្ធពីអ៊ុយក្រែន ក្នុងឆ្នាំ២០១៤ គឺជាផ្ទាំងស៊ីបនៃការបង្កើនការវាយប្រហារ ដោយយានដ្រូនតាមផ្លូវអាកាស និងផ្លូវទឹក នៅប៉ុន្មានខែថ្មីៗនេះ។
ការបំផ្ទុះ កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំនេះ បានកាត់ផ្តាច់ផ្លូវមួយផ្នែក ដោយសម្លាប់ប្តីប្រពន្ធជនជាតិរុស្ស៊ីមួយគូ ហើយកូនស្រីអាយុ ១៤ឆ្នាំ រងរបួស។
ទីក្រុងម៉ូស្គូ បាននិយាយថា វាគឺជាការវាយប្រហាររបស់អ៊ុយក្រែន ដែលបានធ្វើឲ្យខូចខាតដល់ចំណែកផ្លូវរបស់ស្ពាន ដែលតភ្ជាប់ពីប្រទេសរុស្ស៊ីទៅកាន់ឧបទ្វីបគ្រីម៉េ។ ទូរទស្សន៍ CNN ក្រោយមកបានបង្ហោះវីដេអូមួយ ដែលរាយការណ៍ថា ត្រូវបានផ្ដល់ដោយកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន ដែលវីដេអូ ហាក់ដូចជាបង្ហាញពីពេលវេលានៃការការវាយប្រហារនោះ៕