ប្រជាជន ប្រទេសអែលសាលវ៉ាឌ័ររាប់ពាន់នាក់បានចេញធ្វើបាតុកម្មនៅថ្ងៃទិវាឯករាជ្យរបស់ប្រទេស កាលពីថ្ងៃសុក្រ ទី១៥ ខែកញ្ញា ដើម្បីបង្ហាញការឈឺចាប់របស់ពួកគេប្រឆាំងប្រធានាធិបតី លោក ណាយីប ប៊ូកែល(Nayib Bukele) ដោយចោទប្រកាន់លោកថា បានបំពានរដ្ឋធម្មនុញ្ញដោយការស្វែងរកការបោះឆ្នោតជាថ្មី។

លោក Bukele ដែលអាណត្តិដំបូងរបស់លោក បានចាប់ផ្តើមនៅឆ្នាំ ២០១៩ បាននិយាយកាលពីខែកញ្ញា ឆ្នាំមុនថា លោកនឹងស្វែងរកការបោះឆ្នោតជាថ្មី ទោះបីជាមានការហាមឃាត់លើអាណត្តិជាប់ៗគ្នាក៏ដោយ។ កាលពីឆ្នាំ ២០២១ តុលាការកំពូលរបស់ប្រទេស ដែលសមាជិកត្រូវបានតែងតាំងដោយសភាគ្រប់គ្រងដោយគណបក្ស នូវ៉ាស់ អាយឌៀស(Nuevas Ideas) បានសម្រេចថា លោកBukele អាចស្វែងរកអាណត្តិទីពីរបាន។
សេចក្តីសម្រេចរបស់តុលាការ ត្រូវបានរិះគន់ដោយក្រុមសិទ្ធិមនុស្ស ព្រមទាំងសហរដ្ឋអាមេរិក ដែលបានចាត់ទុកថា ជាផ្នែកមួយនៃការធ្លាក់ចុះនៃបទដ្ឋានលទ្ធិប្រជាធិបតេយ្យរបស់ប្រទេសអែលសាវ៉ាឌ័រ។
ក្រុមអ្នកតវ៉ា បាននិយាយប្រឆាំងគោលនយោបាយសន្តិសុខរបស់លោក Bukele ។ សង្រ្គាម របស់លោកប្រឆាំងក្រុមជនអន្ធពាលនៅប្រទេសអែលសាវ៉ាឌ័រ បានបណ្តាលឱ្យមនុស្សជាង ៦៦.០០០នាក់ ត្រូវបានចាប់ដាក់ពន្ធនាគារ និងបានធ្វើឲ្យលោក Bukele ទទួលបានប្រជាប្រិយភាពមិនធ្លាប់មានពីមុនមក។ ប៉ុន្តែវាក៏បាននាំមកនូវការចោទប្រកាន់ពីអង្គការក្រៅរដ្ឋាភិបាល ពីបទរំលោភសិទ្ធិមនុស្ស និងការចរចាជាមួយក្រុមឧក្រិដ្ឋជន។
