ប្រជាជនប្រទេសកាណាដា កាលពីថ្ងៃសុក្រ បានត្រៀមទប់ទល់សម្រាប់ការមកដល់នៃព្យុះកំណាច Lee ខណៈព្យុះនេះបានវាយបោកបក់យ៉ាងលឿនឆ្លងកាត់មហាសមុទ្រអាត្លង់ទិកខាងជើង ដោយគំរាមកំហែងនាំមកនូវភ្លៀងធ្លាក់ ខ្យល់បក់ខ្លាំង និងព្យុះគំរាមកំហែងដល់អាយុជីវិត កើតឡើងនៅក្នុងតំបន់នៅចុងសប្តាហ៍នេះ។

ពលរដ្ឋខេត្ត Nova Scotia អាចត្រូវបានគេមើលឃើញថាកំពុងធ្វើឲ្យរឹងមាំបណ្តាញអគ្គិសនី និងនាំយកទូកចេញពីកំពង់ផែ។
មជ្ឈមណ្ឌលព្យុះសង្ឃរាប្រទេសកាណាដា បាននិយាយថា ព្យុះកំណាច Lee បានធ្វើដំណើរឆ្ពោះទៅកាន់ទីក្រុង New England និងកាណាដាភាគខាងកើត( Eastern Canada) កាលពីថ្ងៃសុក្រ ហើយត្រូវបានគេរំពឹងថានឹងចុះខ្សោយទៅជាព្យុះត្រូពិចដ៏ខ្លាំងមួយ មុនពេលដែលវាបោកបក់មកដល់ដីគោកនៅភាគនិរតីខេត្ត Nova Scotia ជាព្យុះត្រូពិចដ៏ខ្លាំងនៅពីល្ងាចថ្ងៃសៅរ៍ ទី១៦ ខែកញ្ញានេះ ។
ទោះបីជាយ៉ាងណា ព្យុះនេះមានសក្ដានុពលនាំមកនូវទឹកភ្លៀងរហូតដល់ ៤ អ៊ីញ ឬ១០ សង់ទីម៉ែត្រ និងមានខ្យល់បក់រហូតដល់៩៧គីឡូម៉ែត្រក្នុងមួយម៉ោងនៅតំបន់មួយចំនួន ដែលជំរុញឱ្យមន្ត្រីសហរដ្ឋអាមេរិក និងកាណាដា ឱ្យពលរដ្ឋត្រៀមខ្លួនទប់ទល់សម្រាប់ទឹកជំនន់ និងការដាច់ចរន្តអគ្គិសនីដែលអាចកើតមាន។
