បន្ទាយមានជ័យ៖ កាលពីយប់មិញអគ្គីភ័យបានឆាបឆេះជាខាងលើបង្អស់នៃសណ្ឋាគារ មីងឌូ នៅប៉ោយប៉ែត មកដល់ព្រឹកនេះ អភិបាលខេត្តបានបញ្ជាក់ថា មិនមានមនុស្សរងគ្រោះថ្នាក់នោះទេ។
ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យបានប្រាប់ BTV នៅព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៣នេះថា នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង ២១និង ៣០នាទីយប់ មានករណី អគ្គីភ័យឆាបឆេះនៅជាន់លើបង្អស់ នៃអគារសណ្ឋាគារមីងឌូ ស្ថិតនៅភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ករណីនេះគឺបណ្ដាលមកពីការឆ្លងចរន្តអគ្គិសនី។
ឯកឧត្តម បន្ថែមថា នៅក្នុងប្រតិបត្តិការពន្លត់នេះ លោកដឹកនាំបញ្ជារួមដោយផ្ទាល់ ដោយមានកម្លាំងចម្រុះចូលរួមប្រមាណ ១៥០នាក់ លទ្ធផលអគ្គីភ័យត្រូវបានពន្លត់ឱ្យរលត់ទាំងស្រុង នៅវេលាម៉ោង ២២ និង ៥០នាទីថ្ងៃដដែល។
ឯកឧត្តម អុំ រាត្រី បញ្ជាក់ថា ក្រោយកើតហេតុកម្លាំងជំនាញបានរុករក និងស្រាវជ្រាវភ្លាមៗ គឺមិនមានមនុស្សណាម្នាក់ជាប់ក្នុងអគារ ឬរងគ្រោះថ្នាក់នោះឡើយ គ្រាន់តែមានការខូចខាតសម្ភារៈមួយចំនួននៅលើដំបូលអគារ។
ឯកឧត្តម បានថ្លែងការអរគុណដល់កងកម្លាំង និងវិស័យឯកជន ក៏ដូចជាភាគីថៃដែលចេញរថយន្តពន្លត់អគ្គិភ័យមកជួយ និងបានក្ដាប់គ្រប់គ្រងសភាពការណ៍បានទាន់ពេលវេលា៕អត្ថបទ ៖ ប្រាក់ វ៉ាន់ដា




