ភ្នំពេញ៖លោក ឈាង ឆដាភ័ក្រ្ត ប្រធាននាយកដ្ឋានសិល្បៈទស្សនីយភាព នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈតាមរយៈBTV ព័ត៌មាន នាថ្ងៃនេះថា ក្នុងអាណតិ្តទី៧នេះ នាយកដ្ឋានមានទិសដៅសំខាន់ៗចំនួន៣យ៉ាង ដើម្បីអភិរក្ស អភិវឌ្ឍន៍ និងផ្សព្វផ្សាយ ដើម្បីឲ្យប្រជាជនស្គាល់ ស្រលាញ់ គាំទ្រ ចូលរួមថែរក្សាការពារ និងធ្វើឲ្យសិល្បៈរឹងមាំ ជឿនលឿនដូចបណ្តាប្រទេសផ្សេងៗទៀត។
លោក ប្រធាននាយកដ្ឋាន បន្តថា ការងារសំខាន់ៗទាំង៣យ៉ាងនោះ គឺទី១៖ ការងារអភិរក្ស ជារឿងសំខាន់ចំពោះវិស័យវប្បធម៌ ជាក់ស្តែងនាយកដ្ឋានបានដាក់ទិសដៅស្រាវជ្រាវចងក្រងទម្រង់សិល្បៈ ដែលយើងហៅថា ទម្រង់សិល្បៈមិនមានសកម្មភាព ឈានដល់ការបាត់បង់ និងបាត់ការគាំទ្រតែម្តង ដូចជា ល្ខោនកេន ល្ខោនបែបបទ ល្ខោនភ្លេងការ។ ទម្រង់ល្ខោនទាំងអស់នេះមិនសូវមានការសម្តែង ឬគ្មានការសម្តែងតែម្តង។
ទី២៖ ការងារអភិវឌ្ឍ ទម្រង់សិល្បៈមួយចំនួនត្រូវការអភិវឌ្ឍ យើងមិនអាចនៅឆ្ងាយពីបច្ចេកវិទ្យា ឬក៏នៅទ្រឹងនោះទេ។ ដូចជាទម្រង់សិល្បៈល្ខោននិយាយ យើងត្រូវផ្សារភ្ជាប់ជាមួយបច្ចេកវិទ្យា មានLED បញ្ចាំងនៅផ្ទាំងខាងក្រោយ ដើម្បីឲ្យសោភ័ណ្ឌភាពសម្តែងនៃសាច់រឿងនេះ កាន់តែប្រសើរឡើងថែមមួយកម្រិតទៀត។
ទី៣៖ ការងារផ្សព្វផ្សាយ យើងមិនអាចធ្វើអ្វីដែលគ្មានការផ្សព្វផ្សាយបាននោះទេ។ មានន័យថា យើងចង់ឲ្យប្រជាជន ស្រលាញ់ គាំទ្រ លុះត្រាតែប្រជាជន ដឹងថាទម្រង់សិល្បៈនេះ ជាទម្រង់សិល្បៈរបស់ជាតិខ្មែរ និងជារបស់គាត់ដែល។ នៅពេលខ្លះសិល្បៈយើងសម្បូរបែប មធ្យោបាយក្នុងការផ្សព្វផ្សាយមានតិច មានពេលខ្លះប្រជាជន មិនបានដឹង មិនបានជ្រាប មានពេលខ្លះយល់ថាជាទម្រង់សិល្បៈរបស់បរទេសទៀតផង។
ជាចុងក្រោយក្នុងនាមមន្រី្តវប្បធម៌ លោក ឈាង ឆដាភ័ក្រ្ត ប្រធាននាយកដ្ឋានសិល្បៈទស្សនីយភាព សូមអំពាវនាវដល់ប្រជាជន ជាពិសេសយុវជន ងាកមកគាំទ្រវិស័យវប្បធម៌ពិសេសសិល្បៈបុរាណ យើងដឹងហើយថា សិល្បៈបុរាណ មានសារសំខាន់ខ្លាំងណាស់ចំពោះជាតិ (វប្បធម៌ រលត់ជាតិរលាយ) វប្បធម៌ ជាអត្តសញ្ញាណ ដួងព្រលឹងរបស់ជាតិ។ ដូច្នេះបើវប្បធម៌របស់ជាតិសាសន៍មួយ មិនមានការគាំទ្រពីប្រជាជនផ្ទាល់នោះទេ គឺគ្មានការរីកចម្រើននោះទេ ដូចនេះគ្មានអ្នកណា ស្រលាញ់វប្បធម៌ជាតិ ជាងប្រជាជនយើងនោះទេ៕អត្ថបទ រដ្ឋា







