កែប៖ ដោយអនុវត្តតាមគោលការណ៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត នៅរសៀលថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣ លោក ឆាង ឆៃ អភិបាលស្រុកដំណាក់ចង្អើរ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកចុះអនុវត្តកិច្ចសន្យាក្នុងការត្រួតពិនិត្យ និងរុះរើសំណង់របងដែលបានសាងសង់ខុសច្បាប់០១កន្លែង ធ្វើពីបេតុង ជញ្ជាំងរៀបឥដ្ឋ ប្រវែង ១២ម៉ែត្រ ស្ថិតនៅភូមិអង្កោល ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប ដែលបានសាងសង់រំលោភលើដីសាធារណៈ។
សូមបញ្ជាក់ថា បន្ទាប់ពីទទួលព័ត៌មានអំពីការសាងសាង់របងរំលោភលើដីសាធារណៈខាងលើភ្លាម លោក ឆាង ឆៃ អភិបាលស្រុកដំណាក់ចង្អើរ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក បានអញ្ជើញម្ចាស់សំណង់ដែលតំណាងដោយឈ្មោះ លឹម ហ៊ត រស់នៅភូមិ ឃុំខាងលើ ឲ្យមកធ្វើកិច្ចសន្យាបញ្ឈប់ការសាងសង់ជាបន្ទាន់ និងត្រូវរុះរើសំណង់របស់ខ្លួនដែលបានសាងសង់ខុសច្បាប់ទាំងអស់វិញភ្លាមៗដោយខ្លួនឯង ។
បន្ទាប់ពីមានការចុះអនុវត្តកិច្ចសន្យា និងរុះរើសំណង់របងខុសច្បាប់ទាំងនោះចេញ ត្រូវបានប្រជាពលរដ្ឋនៅក្នុងតំបន់ និងមជ្ឈដ្ឋានទូទៅមានការសប្បាយរីករាយ និងសាទរជាខ្លាំងក្នុងការអនុវត្តច្បាប់ដោយពុំមានការរើសអើង ក្រោមការដឹកនាំរបស់ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកែប ។




