ភ្នំពេញ៖ នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងបទល្មើសគ្រឿងញៀន បានជំរុញអាជ្ញាធរតាមរាជធានីខេត្ត បន្តចូលរួមគ្នា ដើម្បីលុបបំបាត់បទល្មើសគ្រឿងញៀន។
ថ្លែងនាសន្និសិទ្ធសារព័ត៌មានស្តីពីការងារប្រយុទ្ធប្រឆាំងបទល្មើសគ្រឿងញៀន នាព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៣ នៅមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងបទល្មើសគ្រឿងញៀន បានលើកឡើងពីគោលដៅសំខាន់បំផុតផ្តោតទៅលើការប្រយុទ្ធប្រឆាំងបទល្មើសគ្រឿងញៀននៅទូទាំងព្រះរាជាណាចក្រកម្ពុជា ។
ឯកឧត្តមនាយឧត្តមសេនីយ៍ មាស វិរិទ្ធ បានជំរុញទៅដល់សមត្ថកិច្ច និងអាជ្ញាធរទាំង២៥រាជធានី ខេត្តត្រូវចូលរួមសហការរួមគ្នាលុបបំបាត់ឱ្យអស់រាល់បទល្មើសគ្រឿងញៀននៅតាមមូលដ្ឋានរៀងៗខ្លួន ក្នុងនោះត្រូវតាមដានត្រួតពិនិត្យតាមទីឋានកម្សាន្តនានា ។
ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ បានបញ្ជាក់ពីគោលដៅអនុវត្តការប្រយុទ្ធប្រឆាំងបទល្មើសគ្រឿងញៀនចំពោះមុខមានប្រាំចំណុច ១. ផ្សព្វផ្សាយ អប់រំ ២. យន្តការគ្រប់គ្រងសារធាតុគីមីផ្សំ ៣.ទប់ស្កាត់ការហូរចូល និងចេញគ្រឿងញៀន ៤.ទប់ស្កាត់កុំឱ្យមានការលួចកែច្នៃផលិតគ្រឿងញៀន និង៥.លុបបំបាត់ការប្រើប្រាស់ ចែកចាយគ្រឿងញៀននៅកន្លែងសប្បាយ ដូចជា ក្លឹបរាត្រី KTV និងបាបារាំង៕ អត្ថបទ ៖ តារាវុទ្ធី

