ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំយកស្ពានដែកបេឡេពីឫស្សីកែវ ទៅដាក់នៅតំបន់ចាក់អង្រែក្រោម ដើម្បីតភ្ជាប់ផ្លូវ៥០ម៉ែត្រឆ្ពោះទៅតំបន់ជើងឯក។
រដ្ឋបាលរាជធានីភ្នំពេញ បាននឹងកំពុងរៀបចំរុះរើយកស្ពានដែកបេឡេឬស្សីកែវ ទៅដាក់នៅតំបន់ចាក់អង្រែក្រោម ស្ថិតលើផ្លូវ៥០ម៉ែត្រ ដើម្បីទុកឱ្យប្រជាពលរដ្ឋឆ្លងទៅតំបន់អភិវឌ្ឍជើងឯកជាបណ្តោះអាសន្នសិន។
នេះបើតាមឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញមានប្រសាសន៍នាពេលអញ្ជើញ ក្នុងពិធីតភ្ជាប់ស្ពានកោះពេជ្រ កោះនរា។
ឯកឧត្តមអភិបាលរាជធានី ក៏បានឱ្យដឹងដែរថា ចំពោះគម្រោងសាងសង់ស្ពានឆ្លងទន្លេបាសាក់ពីចាក់អង្រែក្រោម ទៅព្រែកប្រា បច្ចុប្បន្ននេះកំពុងតែស្ថិតនៅក្រោមការសិក្សានៅឡើយ ដែលគម្រោងនេះក៏ជាការតភ្ជាប់ព្រែកប្រាទៅជាប់នឹងផ្លូវ ៥០ម៉ែត្រផងដែរ។
ប្រភពព័ត៌មានបានឱ្យដឹងថា គម្រោងសាងសង់ស្ពានព្រែកប្រានេះ ក្រសួងសាធារណការ និងដឹកជញ្ជូន បានកំពុងធ្វើការជាមួយភាគីបរទេស និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីវាយតម្លៃអំពីការចំណាយ សម្រាប់សាងសង់ស្ពានមួយនេះ។
សូមជម្រាបថា ខ្សែផ្លូវ ៥០ម៉ែត្រ គឺជាផ្នែកមួយនៃគម្រោងអភិវឌ្ឍន៍ទីក្រុងរណប ING នៅតំបន់បឹងទំពុន និងបឹងជើងឯក នឹងតភ្ជាប់រហូតទៅដល់ផ្លូវលេខ ២១៧ ដែលខ្សែផ្លូវ ៥០ម៉ែត្រនេះ បាននឹងកំពុងស្ថាបនាចេញជាតួផ្លូវខ្លះហើយ៕អត្ថបទ ៖ ប្រាក់ វ៉ាន់ដា



