ចំនួនអ្នកស្លាប់ដោយសារចំហេះព្រៃ កាលពីខែមុន នៅលើកោះ Maui របស់រដ្ឋហាវ៉ៃ បានធ្លាក់ចុះមកនៅត្រឹម 97នាក់ ហើយឥឡូវនេះ មនុស្សបាត់ខ្លួន មានចំនួន ៣១នាក់។ នេះបើយោងតាមអភិបាលរដ្ឋហាវ៉ៃលោក Josh Green ដែលបានប្រាប់ទូរទស្សន៍ CNN នៅក្នុងបទសម្ភាសន៍មួយ កាលពីថ្ងៃសុក្រ (ទី១៥ ខែកញ្ញា)។

កាលពីសប្តាហ៍មុន លោក Green បាននិយាយថា អ្នកស្លាប់មានចំនួន ១១៥នាក់ ហើយមនុស្ស ៦៦នាក់បានបាត់ខ្លួន។
លោក Green បានប្រាប់ថា៖ «ចំនួនអ្នកស្លាប់ បានធ្លាក់ចុះ ដោយសារតែយើងមានអ្នកជំនាញផ្នែកនរវិទ្យារបស់ក្រសួងការពារជាតិ ដែលអាចវិនិច្ឆ័យហ្សែនកម្រិតខ្ពស់ជាងនេះ។ ពួកគេអាចប្រាកដថា ពួកយើងមិនបានបន្ថែមសោកនាដកម្ម ចំពោះមនុស្ស ដែលយើងបាត់បង់នោះទេ»។
សូមបញ្ជាក់ថា ភ្លើងឆេះវាលស្មៅ កាលពីថ្ងៃទី៨ ខែសីហា បានឆាបឆេះយ៉ាងរហ័សដល់មូលដ្ឋានភ្នំភ្លើងមួយ រហូតរាលដាលទៅដល់ទីក្រុងរមណីយដ្ឋានទេសចរណ៍ Lahaina ដោយបានបំផ្លាញ ឬធ្វើឲ្យខូចខាតដល់អគារប្រមាណ ២.២០០ខ្នង៕
