គណៈប្រតិភូយុវជន មកពីសមាគមជាតិចំនួន១០ ក្នុងភូមិភាគអាស៊ី-អាគ្នេយ៍ បាននិងកំពុងធ្វើដំណើរមកដល់កម្ពុជាជាបន្តបន្ទាប់ហើយ ដើម្បីចូលរួមវេទិកាយុវជនលើកទី២ ចាប់ពីថ្ងៃទី ១៧-២០ ខែកញ្ញា ឆ្នាំ២០២៣ និងបន្តចូលរួមជាអ្នកសង្កេតការណ៍ក្នុងកិច្ចប្រជុំថ្នាក់ដឹកនាំលើកទី២០ ចាប់ពីថ្ងៃទី ២១-២២ ខែកញ្ញា ឆ្នាំ២០២៣។
កាកបាទក្រហមកម្ពុជា ដែលមានហ្លួងម៉ែ នរោត្ដម មុនិនាថ សីហនុ ជាព្រះប្រធានកិត្តិយស និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន នឹងធ្វើជាម្ចាស់ផ្ទះវេទិកាយុវជនលើកទី២ និងជាប្រធានកិច្ចប្រជុំថ្នាក់ដឹកនាំលើកទី២០ នៃសមាគមជាតិកាកបាទក្រហម អឌ្ឍចន្ទក្រហម ភូមិភាគអាស៊ី-អាគ្នេយ៍។
លោកស្រី ឌួង ទេពសុគន្ធា តំណាងប្រតិភូយុវជនកាកបាទក្រហមកម្ពុជា បានលើកឡើងថាដោយអនុវត្តតាមប្រសាសន៍ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន កាកបាទក្រហមកម្ពុជា បានរៀបចំក្រុមការងារទទួលស្វាគមន៍ និងបដិសណ្ឋារកិច្ច ដោយមានមន្ត្រីទំនាក់ទំនង (L.O) សម្រាប់ប្រតិភូយុវជនតាមសមាគមជាតិនីមួយៗ និងក្រុមការងារដែលជាប្រតិភូយុវជនកាកបាទក្រហមកម្ពុជា រង់ចាំទទួលស្វាគមន៍គណៈប្រតិភូយុវជនអន្តរជាតិដោយផ្ទាល់នៅអាកាសយានដ្ឋានភ្នំពេញអន្តរជាតិ។
វេទិកាយុវជនលើកទី២នេះ មានគោលបំណងផ្ដល់ឱកាសដល់យុវជននៃសមាគមជាតិទាំង ១១ នៅក្នុងតំបន់អាស៊ី-អាគ្នេយ៍ ទទួលបានការបណ្ដុះបណ្ដាលជំនាញទំនាក់ទំនង និងការនិយាយជាសាធារណៈក្នុងភាពជាអ្នកដឹកនាំវ័យក្មេងនាពេលបច្ចុប្បន្ន និងអនាគត។ លើសនេះទៅទៀត វេទិកាយុវជនលើកទី២ នឹងពិនិត្យរួមគ្នាលើការអនុវត្តសេចក្ដីថ្លែងការណ៍របស់យុវជន នៃវេទិកាយុវជនលើកទី១ ដែលធ្វើឡើងនៅប្រទេសព្រុយណេកាលពីឆ្នាំ ២០២២ រួមជាមួយនឹងការពិនិត្យពិភាក្សារកបញ្ហាប្រឈមនានាដែលកំពុងកើតឡើង និងរកដំណោះស្រាយថ្មីរួមគ្នាក្នុងវិស័យមនុស្សធម៌ ព្រមទាំងពង្រឹងកិច្ចសហប្រតិបត្តិការ សាមគ្គីភាពអន្តរជាតិក្នុងចលនាអន្ដរជាតិ កាកបាទក្រហម និងអឌ្ឍចន្ទក្រហមភូមិភាគអាស៊ី-អាគ្នេយ៍។
គូសបញ្ជាក់ផងដែរថា វេទិកាយុវជនលើកទី២ មានកម្មវិធីពិសេសមួយ គឺពិធីដាំដើមឈើនៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាប្រធានកិច្ចប្រជុំថ្នាក់ដឹកនាំ ដាំដើមឈើចំនួនជាង ២ពាន់ដើម លើផ្ទៃដី ២ហិកតា នៅមជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា ដែលស្ថិតនៅក្នុងឧទ្យានជាតិព្រះសុរាម្រិតកុសុមៈគិរីរម្យ ខេត្តកំពង់ស្ពឺ។
សកម្មភាពដាំដើមឈើនេះ គឺជាការបណ្ដុះនូវឆន្ទៈ និងក្ដីស្រលាញ់ចំពោះបរិស្ថាន និងការរួមចំណែកនៃការកាត់បន្ថយហានិភ័យនៃការប្រែប្រួលអាកាសធាតុ ជំរុញឱ្យមានកំណើនបរិស្ថានបៃតង ដែលនឹងមានការចូលរួមពីឥស្សរជនជាថ្នាក់ដឹកនាំតាមក្រសួងស្ថាប័នពាក់ព័ន្ធ គណៈកម្មាធិការសាខា យុវជន អ្នកស្ម័គ្រចិត្តទាំង ២៥រាជធានីខេត្ត ភ្ញៀវជាតិ-អន្តរជាតិ សរុបប្រមាណ ៥០០នាក់។ បន្តពីនេះប្រតិភូយុវជនទាំងអស់ នឹងទៅទស្សនកិច្ចនៅសារមន្ទីរប្រល័យពូជសាសន៍គុកទួលស្លែង ដើម្បីសិក្សាឱ្យស៊ីជម្រៅបន្ថែមនៃច្បាប់មនុស្សធម៌អន្តរជាតិតាមរយៈប្រវត្តិដ៏ជូរចត់ដែលធ្លាប់កើតមាននៅប្រទេសកម្ពុជា៕









