ភ្នំពេញ ៖ នាយកវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ថ្លែងថា ពាក់ព័ន្ធ និងការអភិវឌ្ឍន៍ប្រព័ន្ធបច្ចេកវិទ្យា វិទ្យាស្ថានបានត្រៀមខ្លួនរួចជាស្រេច ក្នុងការចូលរួមចំណែកនៃការផ្សារភ្ជាប់ ទៅរកការអភិវឌ្ឍ វិស័យឧស្សាហកម្ម ៤.០ ដើម្បីឲ្យកម្ពុជាប្រែក្លាយទៅជាប្រទេសមួយ មានលក្ខណៈស្វ័យប្រវត្តិកម្ម ស្របតាមគោលនយោបាយអភិវឌ្ឍន៍ ឧស្សាហកម្មកម្ពុជា ដែលជាសសរស្ដម្ភ មួយយ៉ាងសំខាន់សម្រាប់កំណើនសេដ្ឋកិច្ច។
ឯកឧត្តមបណ្ឌិត អ៊ុម រម្យណី នាយកវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា បានថ្លែងលើកឡើងនៅក្នុងកិច្ចសម្ភាសន៍ជាមួយ ភ្នាក់ងារអ្នកយកព័ត៌មាន BTV ស្តីពីការអភិវឌ្ឍ ប្រព័ន្ធបច្ចេកវិទ្យា និងការឈានចូលឧស្សាហកម្មទី៤ នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០នេះថា ជុំវិញនិងការអភិវឌ្ឍន៍ប្រព័ន្ធបច្ចេកវិទ្យា, វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា មានតួនាទីសំខាន់ណាស់ ក្នុងការ កសាងធនធានមនុស្ស ប្រកបដោយសមត្ថភាព និងតម្លាភាព, ជាក់ស្តែងការផ្តល់ឱកាសដល់ និស្សិតចូលរៀននៅក្នុងវិទ្យាស្ថាន នេះ គឺជាកាតព្វកិច្ចសំខាន់របស់វិទ្យាស្ថាន ដើម្បីចូលរួមចំណែកការកសាងធនធានមនុស្ស សម្រាប់បម្រើទៅលើទីផ្សារ កំលាំងពលកម្មនៅក្នុងប្រទេស និងជាការចូលរួមចំណែកស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ជាពិសេសគោល នយោបាយនៃការជំរុញអភិវឌ្ឍន៍វិស័យឧស្សាហកម្មនៅកម្ពុជា ។
ឯកឧត្តមបណ្ឌិត បន្តថា ពាក់ព័ន្ធប្រព័ន្ធបច្ចេកវិទ្យានេះ វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា បានបើកទូលាយនៅលើជំនាញ បច្ចេកទេសជាច្រើន ក្នុងនោះ ការបណ្តុះបណ្តាលនៃជំនាញបច្ចេកទេសត្រូវបានបែងចែកជា៨ផ្នែកធំៗ និងបានបែងចែកទៅ ជាមុខជំនាញតូចៗ ជាច្រើនទៀត ដែលជំនាញទាំងអស់កំពុងឆ្លើយតបទៅ នឹងតម្រូវការទីផ្សារ នៅក្នុងប្រទេសកម្ពុជាយើង។ ដូច្នេះទាក់ទង់និងការអភិវឌ្ឍ ប្រព័ន្ធបច្ចេកវិទ្យានេះ, វិទ្យាស្ថានបានត្រៀមខ្លួនរួមជាស្រេច ក្នុងការចូលរួមចំណែក លើការផ្សារភ្ជាប់ នៃការអភិវឌ្ឍន៍វិស័យឧស្សាហកម្ម ៤.០ ដើម្បីឲ្យកម្ពុជាប្រែក្លាយទៅជាប្រទេសមួយ មានលក្ខណៈស្វ័យប្រវត្តិកម្ម ស្របតាមគោលនយោបាយឧស្សាហកម្មកម្ពុជា ។
ឯកឧត្តម បណ្ឌិត អ៊ុម រម្យណី បានបញ្ជាក់បន្ថែមថា ជុំវិញនិងការអភិវឌ្ឍន៍ប្រព័ន្ធបច្ចេកវិទ្យា ជាគោលដៅរបស់វិទ្យាស្ថាន គឺចង់ឲ្យនិស្សិត សិក្សាស្វែងយល់ និងរៀនឌីស្សាញ លើមុខជំនាញនីមួយៗឲ្យច្បាស់ និងកំណត់ពីចក្ខុវិស័យរបស់ខ្លួន ក្នុងពេលកំពុងសិក្សា និងទៅពេលអនាគត ក្នុងនោះ ប្រសិនបើពួកគាត់មានសមត្ថភាពគ្រប់គ្រាន់ ចេះផលិតផលឧបករណ៍ ណាមួយឲ្យច្បាស់ ពួកគាត់ នឹងទទួលបានជោគជ័យ នៅក្នុងជីវិត និងជាមូលដ្ឋានដ៏រឹងមាំ នៅពេកពួកគាត់ចេញទៅបំពេញ ការងារតាមបណ្តារោងចក្រ សហគ្រាសនានា, ដែលបញ្ហាទាំងអស់នេះ គឺជាការវិនិយោគ នៃការផ្សារភ្ជាប់ និងការតភ្ជាប់ ទៅរកវិស័យឧស្សាហកម្ម ៤.០ ខណៈដែលរាជរដ្ឋាភិបាលកម្ពុជាកំពុងជំរុញយកចិត្តទុកដាក់បំផុត ដើម្បីឈោងចាប់យក បដិវត្តឧស្សាហកម្មទី៤.០ នេះ ៕
អត្ថបទ៖ សុន រ៉ាឌី




