ទិដ្ឋភាពថតពីលើអាកាសនៃទីក្រុង Derna ជាទីក្រុងនៅឆ្នេរសមុទ្រនៃប្រទេសលីប៊ី ដែលស្ទើរតែត្រូវបានទឹកហូរនាំទៅអស់គ្មានសល់អ្វី ដោយគ្រោះទឹកជំនន់ដ៏មហន្តរាយ នាពេលថ្មីៗនេះ បានបង្ហាញឲ្យឃើញពីទំហំនៃការបំផ្លិចបំផ្លាញនេះ។

យោងតាមអឌ្ឍចន្ទក្រហមលីប៊ី បានឲ្យដឹងថា ទឹកជំនន់ដ៏ខ្លាំងក្លា ដែលបណ្តាលមកពីការបាក់ទំនប់ទឹកចំនួន២ ដោយសារមានភ្លៀងធ្លាក់ខ្លាំងពីព្យុះមេឌីទែរ៉ាណេ Daniel បានវាយប្រហារតំបន់ទាំងមូល ក្នុងទីក្រុង Derna កាលពីយប់ថ្ងៃអាទិត្យ តាមពេលវេលាក្នុងស្រុក ដោយបានឆក់យកជីវិតមនុស្សយ៉ាងហោចណាស់ ១១.៣០០នាក់ និងធ្វើឲ្យ ១០.០០០នាក់ផ្សេងទៀត បាត់ខ្លួន គិតត្រឹមថ្ងៃព្រហស្បតិ៍ (ទី១៤ ខែកញ្ញា)។
តួលេខពីអង្គការទេសន្តរប្រវេសន៍អន្តរជាតិ (IOM) កាលពីថ្ងៃសុក្រ (ទី១៥ ខែកញ្ញា) បានបង្ហាញថា នៅក្នុងទីក្រុង Derna នេះ អគារចំនួន ២.២១៧អាគារ ត្រូវបានបំផ្លិចបំផ្លាញ។
បណ្តាញទូរទស្សន៍សកលរបស់ប្រទេសចិន (CGTN) នៅថ្ងៃសៅរ៍ (ទី១៦ ខែកញ្ញា) នេះ បានចេញផ្សាយរូបភាពវីដេអូថតដោយយានដ្រូន ដែលបង្ហាញពីក្រុមជួយសង្គ្រោះធ្វើការដោយមិននឿយហត់ នៅទីកន្លែងនៃគ្រោះមហន្តរាយនោះ ដើម្បីស្វែងរកអ្នកនៅរស់។
ក្នុងវីដេអូរយៈពេល ១នាទី ដែលត្រូវបានថត កាលពីថ្ងៃសុក្រ តំបន់ទាំងអស់ បានរងការខូចខាត ដោយអគារជាច្រើន ទាំងរលំបាក់ទៅជាគំនរកម្ទេចថ្ម ឬត្រូវបានទឹកហូរនាំចេញពីទីតាំងដើម។ គេឃើញថា ក្រុមជួយសង្គ្រោះ ជាមួយអ្នកជីករុករក កំពុងធ្វើការនៅតំបន់គ្រោះមហន្តរាយ កាយយកកម្ទេចថ្ម និងសង្ឃឹមថា រកឃើញអ្នកនៅរស់រានមានជីវិត៕
