រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken កាលពីថ្ងៃសុក្រ (ទី១៥ ខែកញ្ញា) បាននិយាយថា លោកមិនបានដឹងអំពីស្ថានភាពរបស់រដ្ឋមន្ត្រីការពារជាតិចិន លោក Li Shangfu ដែលបានអវត្តមានពីការបង្ហាញខ្លួនជាសាធារណៈអស់រយៈពេលជាង ២សប្តាហ៍មកនោះទេ ដោយបន្ថែមថា ទាំងនេះ គឺជាបញ្ហាផ្ទាល់សម្រាប់រដ្ឋាភិបាលចិន ក្នុងការសម្រេច។

សូមបញ្ជាក់ថា កាលពីថ្ងៃសុក្រ ទីភ្នាក់ងារសារព័ត៌មាន Reuters បានរាយការណ៍ថា លោក Li កំពុងស្ថិតនៅក្រោមការស៊ើបអង្កេតរបស់អាជ្ញាធរចិន។ សេចក្ដីរាយការណ៍នេះ ត្រូវបានធ្វើឡើងដោយយោងតាមបុគ្គលចំនួន ១០នាក់ ដែលដឹងពីបញ្ហានេះ។
ពាក់ព័ន្ធនឹងករណីនេះ នៅឯសន្និសីទសារព័ត៌មានមួយ លោក Blinken បានប្រាប់អ្នកសារព័ត៌មានថា៖ «យើងនៅតែត្រៀមខ្លួនយ៉ាងពេញលេញរួចជាស្រេច ដូចដែលយើងបានធ្វើ ដើម្បីចូលរួមជាមួយរដ្ឋាភិបាលចិន មិនថា អ្នកណាក៏ដោយ ដែលមានឱកាសកាន់មុខតំណែងនៃការទទួលខុសត្រូវនេះ តាមពេលវេលាសមស្របណាមួយ»៕
