
ភ្នំពេញ៖ ជាថ្មីម្តងទៀត មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាល ទទួលបន្ទុកការចាក់វ៉ាក់សាំង បានក្រើនរំលឹកដល់ពលរដ្ឋ ដែលបានចាក់វ៉ាក់សាំងកូវីសែលដូសទី១រួចហើយ ត្រូវតែទៅចាក់ដូសទី២តាមការកំណត់ ដើម្បីបង្កើតភាពស៊ាំប្រឆាំងនឹងការវាយលុកពីជំងឺកូវីដ-១៩។
នៅថ្ងៃទី២៨ ខែឧសភានេះ លោកជំទាវ ឱ វណ្ណឌីន ប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំង កូវីដ-១៩ ក្នុងក្របខ័ណ្ឌទូទាំងប្រទេស (គ.វ.ក.១៩) តាមរយៈBTV បានបញ្ជាក់ប្រាប់ពលរដ្ឋថា ប្រសិន បើពលរដ្ឋ មិនបានចាក់វ៉ាក់សាំងកូវីសែលគ្រប់ចំនួន២ដូសនោះទេ ការចាក់លើកទី១ នឹងអសារបង់ ព្រោះ វ៉ាក់សាំងនេះ ត្រូវការចាក់២ដូស ទើបមានប្រសិទ្ធភាព។
តាមការបញ្ជាក់ពីគ្រូពេទ្យ វ៉ាក់សាំងកូវីសែល បន្ទាប់ពីចាក់ដូសទី១រួចរាល់ ក្នុងរយៈពេល៨សប្តាហ៍ ទៅ១២សប្តាហ៍ ចាំបាច់ត្រូវចាក់ដូសទី២ ដើម្បីបង្កើតកងការពារប្រឆាំងនឹងការវាយលុកពីជំងឺកូវីដ-១៩។
របាយការណ៍របស់គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ បានបង្ហាញថា ពលរដ្ឋ ចំនួន ជាង ១៦ម៉ឺននាក់ បានទទួលការចាក់វ៉ាក់សាំងកូវីសែល ដូសទី១។ ចំណែកការចាក់ដូសទី២ ដោយគិត ត្រឹមថ្ងៃទី២៧ ខែឧសភា នេះ គឺបានចំនួនជាង១០ម៉ឺននាក់ហើយ។ តាមការគ្រោងទុកយុទ្ធនាការចាក់វ៉ាក់ សាំងកូវីសែលដូសទី២ នឹងត្រូវបិទបញ្ចាប់ នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១៕ អត្ថបទ៖ ទូច សោភ័ណ