
ក្រុមឃ្លាំមើលនុយក្លេអ៊ែររបស់អង្គការសហប្រជាជាតិ បានរិះគន់អ៊ីរ៉ង់ចំពោះការរារាំងយ៉ាងមានប្រសិទ្ធភាពលើក្រុមអធិការកិច្ចជំនាញបំផុតរបស់ខ្លួន មិនឲ្យត្រួតពិនិត្យកម្មវិធីរបស់ប្រទេសនេះ។
ប្រធានទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ (IAEA) លោក Rafael Grossi កាលពីថ្ងៃសៅរ៍បានថ្កោលទោសសកម្មភាពគ្មានសមាមាត្រ និងមិនធ្លាប់មាន របស់អ៊ីរ៉ង់ ក្នុងការរារាំងក្រុមអធិការកិច្ច ជាច្រើនដែលត្រូវបានចាត់តាំងនៅក្នុងប្រទេស ដោយរារាំងការត្រួតពិនិត្យសកម្មភាពបរមាណូរបស់ទីក្រុងតេអេរ៉ង់។
ចំណាត់ការរបស់អ៊ីរ៉ង់គឺជាការឆ្លើយតបទៅនឹងការអំពាវនាវដែលដឹកនាំដោយសហរដ្ឋអាមេរិក អង់គ្លេស បារាំង និងអាល្លឺម៉ង់នៅឯក្រុមប្រឹក្សាភិបាលរបស់ ទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ ក្នុងសប្តាហ៍នេះសម្រាប់ទីក្រុងតេអេរ៉ង់ដើម្បីសហការភ្លាមៗ ជាមួយទីភ្នាក់ងារនេះ លើបញ្ហារួមទាំងការពន្យល់អំពីដានចម្រាញ់សារជាតុអ៊ុយរ៉ានីញ៉ូមដែលបានរកឃើញនៅទីតាំងរោងចក្រនានាដែលពុំបានប្រកាស។ ទោះបីជាយ៉ាងណាក៏ដោយ លោក Grossi បានបញ្ជាក់យ៉ាងច្បាស់ថាលោកជឿថា អ៊ីរ៉ង់មានប្រតិកម្មខ្លាំងពេក។
លោកបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ខ្ញុំថ្កោលទោសយ៉ាងដាច់អហង្ការចំពោះវិធានការឯកតោភាគីដែលមិនសមាមាត្រនិងមិនធ្លាប់មានពីមុនមក ដែលប៉ះពាល់ដល់ការធ្វើផែនការធម្មតា និងសកម្មភាពមានការផ្ទៀងផ្ទាត់របស់ទីភ្នាក់ងារនេះនៅក្នុងប្រទេសអ៊ីរ៉ង់ ហើយបានជំទាស់យ៉ាងបើកចំហចំពោះកិច្ចសហប្រតិបត្តិការដែលគួរតែមានរវាងទីភ្នាក់ងារនេះ និងអ៊ីរ៉ង់។
សេចក្តីថ្លែងការណ៍សង្គ្រាមពាក្យសម្ដីយ៉ាងខ្លាំងបានកើតឡើងស្របពេលមានភាពតានតឹងយូរអង្វែងរវាងអ៊ីរ៉ង់និងទីភ្នាក់ងារមួយនេះ ដែលមានភារកិច្ចត្រួតពិនិត្យកម្មវិធីនុយក្លេអ៊ែរ ដែលបណ្តាប្រទេសលោកខាងលិចសង្ស័យជាយូរមកហើយថា មានបំណងផលិតអាវុធនុយក្លេអ៊ែរ ខណៈអ៊ីរ៉ង់នៅតែទទូចដដែលៗ ថា កម្មវិធីនេះ សន្តិភាពទេ៕