
ក្រុមអ្នកគាំទ្រចលនាតវ៉ារបស់អ៊ីរ៉ង់បានប្រមូលផ្តុំគ្នានៅមុខសេតវិមាន ហើយបានដើរដង្ហែក្បួនឆ្លងកាត់ទីក្រុងវ៉ាស៊ីនតោន ឌី.ស៊ី កាលពីថ្ងៃសៅរ៍ ១៦ ខែកញ្ញា ដើម្បីរំលឹកខួបមួយឆ្នាំចាប់តាំងពីស្ត្រីវ័យក្មេងម្នាក់នាង ម៉ាសា អាមីន (Mahsa Amin) បានស្លាប់នៅក្នុងការឃុំឃាំងសាកសួររបស់នគរបាលសីលធម៌អ៊ីរ៉ង់ ដែលបង្កឱ្យមានភាពចលាចលនយោបាយនៅក្នុងប្រទេសនេះ។
មនុស្សរាប់រយនាក់បានស្រែកពាក្យស្លោករិះគន់រដ្ឋាភិបាលអ៊ីរ៉ង់ និងអំពាវនាវឱ្យរដ្ឋបាលរបស់លោកប្រធានាធិបតីអាមេរិក Joe Biden បង្កើនទណ្ឌកម្មលើអ៊ីរ៉ង់។ តារាសម្តែង និងជាសកម្មជនជនជាតិអង់គ្លេសនាង ណាហ្សានីន បូនាឌី (Nazanin Boniadi) បានអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការទ្វេភាគី ដោយនិយាយថា គណបក្សសាធារណរដ្ឋ និងគណបក្សប្រជាធិបតេយ្យគួរតែរួបរួមគ្នា ដើម្បីជួយប្រជាជនអ៊ីរ៉ង់ផ្តួលរំលំរបបនេះ។
មេដឹកនាំប្រទេសអ៊ីរ៉ង់បានបង្កើនវិធានការទប់ស្កាត់ការប្រឆាំងរយៈពេលមួយឆ្នាំចាប់តាំងពីការស្លាប់របស់នាង Amini នៅក្នុងការឃុំឃាំងរបស់នគរបាល។ ការតវ៉ាជាច្រើនបានផ្ទុះឡើងភ្លាមៗបន្ទាប់ពីការស្លាប់កាលពីថ្ងៃទី១៦ ខែកញ្ញារបស់ស្ត្រីវ័យក្មេង ជនជាតិ ឃឺដ អ៊ីរ៉ង់វ័យ២២ឆ្នាំដែលត្រូវបាននគរបាលសីលធម៌ចាប់ខ្លួន បីថ្ងៃមុនដោយចោទប្រកាន់ថារូបនាងបានបំពានលើច្បាប់ស្លៀកពាក់អ៊ីស្លាមជាកាតព្វកិច្ចរបស់ប្រទេសអ៊ីរ៉ង់ ។
នៅក្នុងប្រទេសអ៊ីរ៉ង់កាលពីថ្ងៃសៅរ៍ កងកម្លាំងសន្តិសុខបានបង្ក្រាបការតវ៉ានៅក្នុងតំបន់ឃឺដនៃប្រទេសនេះ ហើយបានឃុំខ្លួនឪពុករបស់នារីរងគ្រោះ Mahsa Amini មួយរយៈខ្លី៕
