
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថានៅក្នុងអាណត្តិថ្មីរបស់រាជរដ្ឋាភិបាល កម្ពុជាប្តេជ្ញាបន្តប្រឹងប្រែងកែលម្អបរិយាកាសធុរកិច្ច និងការវិនិយោគតាមរយៈការកាត់បន្ថយចំណាយធុរកិច្ច និងបង្កើនប្រសិទ្ធភាពនៃវិស័យដឹកជញ្ជូន និងឡូជីស្ទីកក្នុងគោលបំណងដើម្បីលើកកម្ពស់ផលិតភាពឆ្លើយតបនឹងតម្រូវការរបស់វិនិយោគិនពីគ្រប់មជ្ឈដ្ឋាន។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់បែបនេះនាឱកាសថ្លែងសុន្ទរកថាក្នុងពិធីសម្ពោធបើកពិព័រណ៍ចិន-អាស៊ាន លើកទី២០ ឆ្នាំ ២០២៣ ក្រោមប្រធានបទ «រួមគ្នកសាងសហគមន៍មួយបកបដោយភាពសុខដុម និងវាសនាតមួយ» នាទីក្រុងណាននីង សាធារណរដ្ឋប្រជាមានិតចិន នាថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៣។
នាឱកាសនេះសម្ដេចធិបតីបានអបអរសាទរចំពោះការប្រារព្ធខួបលើកទី២០ នៃការរៀបចំពិព័រណ៍ចិន-អាស៊ាន និងខួបលើកទី១០ នៃគំនិតផ្តួចផ្ដើមខ្សែក្រវាត់ និងផ្លូវ។
សម្ដេចធិបតីថ្លែងថា ក្នុងបរិការណ៍សកលលោកដែលពោរពេញទៅដោយភាពមិនប្រាកដប្រជា ការរៀបចំ ពិព័រណ៍ចិន-អាស៊ាន លើកទី២០ ពិតជាមានសារៈសំខាន់សម្រាប់ផ្សារភ្ជាប់ទំនាក់ទំនងរវាង តំបន់ឱ្យកាន់តែស្អិតរមួតប្រកបដោយភាពសុខដុម ដើម្បីចូលរួមលើកកម្ពស់ការអភិវឌ្ឍប្រកបដោយចីរភាព។ ជាងនេះទៅទៀតការណ៍នេះបានបង្ហាញឱ្យឃើញថាកិច្ចសហប្រតិបត្តិការរួម បញ្ចូលជាមួយនឹងការធ្វើពាណិជ្ជកម្មដោយសេរី និង បើកចំហ គឺជាវិថីតែមួយគត់ដែលនាំមកនូវ សុខសន្តិភាព និងវិបុលភាពរួមយ៉ាងពិតប្រាកដ។
សម្ដេចធិបតីបញ្ជាក់ថា ពិព័រណ៍នេះ គឺជាសកម្មភាពជាក់ស្ដែងដែលបង្កើតបាននូវសហថាមភាព ក្នុងការជំរុញទំហំពាណិជ្ជកម្មអាស៊ាន-ចិន ឱ្យមានសន្ទុះកាន់តែខ្លាំងក្លាផងដែរ ខណៈដែលទំហំពាណិជ្ជកម្មអាស៊ាន-ចិនបានកើនឡើងដល់ ៧២២ ពាន់លានដុល្លារអាមេរិកកាលពីឆ្នាំមុន។
នៅក្នុងអាណត្តិថ្មីរបស់រាជរដ្ឋាភិបាលកម្ពុជា, សម្ដេចធិបតីនាយករដ្ឋមន្រ្ដីបានគូសបញ្ជាក់ពីការប្តេជ្ញាបន្តប្រឹងប្រែងកែលម្អបរិយាកាសធុរកិច្ច និងការវិនិយោគ តាមរយៈការកាត់បន្ថយចំណាយធុរកិច្ច, និងបង្កើន ប្រសិទ្ធភាពនៃវិស័យដឹកជញ្ជូន និងឡូជីស្ទីក ក្នុងគោលបំណងដើម្បីលើកកម្ពស់ផលិតភាពឆ្លើយតបនឹងតម្រូវការរបស់វិនិយោគិនពីគ្រប់មជ្ឈដ្ឋាន។
សម្ដេចធិបតីថ្លែងថា កម្ពុជាក៏សូមសម្តែងនូវការប្ដេជ្ញាចិត្តខ្ពស់ក្នុងការសហការជាមួយរដ្ឋាភិបាលនៃប្រទេសនានាក្នុងតំបន់ និងវិស័យឯកជនពីគ្រប់ទិសទី ដើម្បីគាំទ្រសកម្មភាពពាណិជ្ជកម្ម ដែលអាចចូលរួមដោះស្រាយបញ្ហាប្រឈមក្នុងតំបន់ និងពិភពលោក៕អត្ថបទ៖ វ៉ន ដារ៉ា





