
ប្រជាជននីហ្សេរាប់ពាន់នាក់បានប្រមូលផ្ដុំគ្នានៅមូលដ្ឋានយោធាបារាំងក្នុងប្រទេសនេះកាលពីថ្ងៃសៅរ៍ ១៥ ខែកញ្ញា ដែលជាការតវ៉ាលើកទី ៣ ក្នុងរយៈពេលជាច្រើនសប្តាហ៍បន្ទាប់ពីប្រធានាធិបតីបារាំងលោក Emmanuel Macron បាននិយាយថាឯកអគ្គរដ្ឋទូតដែលពួកគេអំពាវនាវឲ្យចាកចេញកំពុងត្រូវបានចាប់ធ្វើជាចំណាប់ខ្មាំង។
បាតុកម្មបានចាប់ផ្តើមកាលពីពីរសប្តាហ៍មុន នៅពេលដែលក្រុមបាតុកររាប់ម៉ឺននាក់បានប្រមូលផ្តុំគ្នានៅខាងក្រៅមូលដ្ឋាននេះដើម្បីទាមទារឱ្យកងទ័ពរបស់ខ្លួនក៏ដូចជាឯកអគ្គរដ្ឋទូតបារាំងចាកចេញពីប្រទេសនេះ។ មនុស្សរាប់រយនាក់នៅតែជួបជុំគ្នានៅទីនេះ តាំងពីពេលនោះមក ដោយប្តេជ្ញាកាន់កាប់ច្រកចូលខាងមុខមូលដ្ឋានទ័ពនេះ រហូតដល់មានការបំពេញតាមការទាមទាររបស់ពួកគេ។
លោកប្រធានាធិបតីបារាំង Emmanuel Macron បាននិយាយកាលពីថ្ងៃសុក្រ ទី១៥ ខែកញ្ញា ថា ឯកអគ្គរដ្ឋទូតបារាំងប្រចាំប្រទេសនីហ្សេ កំពុងត្រូវបានចាប់ធ្វើជាចំណាប់ខ្មាំងនៅស្ថានទូតបារាំង ដោយរបបយោធា ដែលបានដណ្តើមអំណាចកាលពីខែកក្កដា។
ក្រុមមេដឹកនាំយោធារបស់នីហ្សេ បានបញ្ជាឱ្យបណ្តេញឯកអគ្គរដ្ឋទូតកាលពីចុងខែមុន ប៉ុន្តែទីក្រុងប៉ារីសបានច្រានចោលដោយនិយាយថា ខ្លួននៅតែចាត់ទុកប្រធានាធិបតីជាប់ឆ្នោតតាមលទ្ធិប្រជាធិបតេយ្យ លោក Mohamed Bazoum ដែលបច្ចុប្បន្នកំពុងជាប់ឃុំ ថា ជាមេដឹកនាំស្របច្បាប់តែមួយគត់របស់ប្រទេសនេះ ៕