
ភ្នំពេញ៖ បើតាមរបាយរបស់ក្រសួងការពារជាតិ កងទ័ពបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ជូនប្រជាពលរដ្ឋ នៅអតីតតំបន់ក្រហមនៃរាជធានីភ្នំពេញបានចំនួនជាង ៨០ម៉ឺននាក់ ខណៈប្រជាពលរដ្ឋចំនួនជាង ៥០ម៉ឺនបានចាក់ដូសទី២រួចរាល់។
យោងតាមរបាយការណ៍របស់ក្រសួងការពារជាតិ នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១ តាមរយៈយុទ្ធនការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនៅអតីតតំបន់ក្រហម រាជធានីភ្នំពេញ ក្រុមគ្រូពេទ្យកងទ័ព បានចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋបានចំនួន៨៣៣,៤៣១នាក់ ក្នុងនោះ ប្រជាពលរដ្ឋចាក់ដូសទី២មានចំនួន ៥១៨,១២២នាក់។
ចំពោះដំណើរការចាក់វ៉ាក់សាំងទាំងដូសទី១ និងទី២ មានភាពល្អប្រសើរ ហើយមានសណ្តាប់ធ្នាប់ត្រឹមត្រូវក្រោមកិច្ចសហការរវាងក្រុមការងារកងទ័ព និងអាជ្ញាធរមូលដ្ឋាន។
ក្នុងយុទ្ធនការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនៅអតីតតំបន់ក្រហមជាការបេ្តជ្ញាចិត្ត និងផែនការរបស់កងទ័ព ធ្វើយ៉ាងណានឹងជំរុញការចាក់វ៉ាក់សាំងដូសទី១ដែលមានប្រជាពលរដ្ឋជាង១លាននាក់បញ្ចប់នៅចំណាច់ខែឧសភានេះ។
អំឡុងនៃការបន្តការចាក់វ៉ាក់សាំងដោយកងទ័ពក្នុងខណ្ឌទាំង៦នៃរាជធានីភ្នំពេញ ក្រុមគ្រូពេទ្យកងទ័ពក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលត្រូវទទួលដូសទី២ សូមមេត្តាទៅទទួលតាមកាលបរិច្ឆេទកំណត់ ឬចន្លោះក្រោយចាក់ដូសទី១បាន១៥ថ្ងៃ-២៨ថ្ងៃ ដើម្បីធានាបាននូវប្រសិទ្ធភាពនៃវ៉ាក់សាំង៕ អត្ថបទ៖ សេក ឧត្តម
