ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាថ្លែងថា សម្រាប់កម្ពុជាកិច្ចព្រមព្រៀងអាសិបពិតជាមានសារៈសំខាន់ និងជាការចូលរួមចំណែករបស់កម្ពុជាក្នុងការងារជំរុញសមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់ ដោយហេតុថា ការចាប់ផ្តើមចរចា និងចូលជាធរមានរបស់អាសិបបានកើតឡើងក្នុងពេលដែលកម្ពុជាធ្វើជាប្រធានអាស៊ាន ក្នុងឆ្នាំ ២០១២ និង ២០២២។
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានថ្លែងបែបនេះក្នុងឱកាសថ្លែងសុន្ទរកថា នៃកិច្ចប្រជុំកំពូលធុរកិច្ចសហបតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មក្នុងក្របខ័ណ្ឌកិច្ចព្រមពៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងដោយតំបន់លើកទី៣ ក្រោមប្រធានបទ «ការធ្វើសមាហរណកម្មក្នុងទីផ្សារបើកទូលាយរបស់កិច្ចព្រមព្រៀងអាសិប និងការជំរុញ កិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ ក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក» ទីក្រុងណាននឹង, ថ្ងៃទី ១៧ ខែ កញ្ញា ឆ្នាំ ២០២៣, វេលាម៉ោង ៣:៣០ នាទីរសៀល។
សម្ដេចធិបតីថ្លែងថា សម្រាប់ក្របខ័ណ្ឌតំបន់អាសិបនៅតែជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីធំជាងគេបំផុតលើពិភពលោក ដែលមានលក្ខណៈទំនើប រស់រវើក គ្រប់ជ្រុងជ្រោយ និងមានគុណភាពខ្ពស់។ ជាមួយនឹងភាពមិនប្រាកដ ប្រជាសកលកាន់តែខ្លាំងក្លាឡើងនាពេលបច្ចុប្បន្ន តួនាទីរបស់អាសិបរឹតតែមានសារៈសំខាន់ ក្នុងការពង្រឹង ទំនុកចិត្តលើប្រព័ន្ធពាណិជ្ជកម្មពហុភាគី ការស្ដារសេដ្ឋកិច្ចឡើងវិញក្រោយវិបត្តិ និងការជំរុញសមាហរណកម្មសេដ្ឋកិច្ចតំបន់ និងពិភពលោកដោយឈរលើគោលការណ៍ឈ្នះ-ឈ្នះ និងការផ្តល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក។
ដើម្បីពង្រឹងតួនាទីអាសិបបន្ថែមទៀត សម្ដេចធិបតីបានចែករំលែកនូវទស្សនៈមួយចំនួន នៅក្នុងកិច្ចប្រជុំកំពូលធុរកិច្ចនេះ ដោយសម្ដចធិបតីជឿជាក់ថា ប្រទេសសមាជិកទាំងអស់មានទស្សនៈរួមថា សេដ្ឋកិច្ចរបស់ចិនមានសារៈសំខាន់ ក្នុងការដឹកនាំកំណើនសេដ្ឋកិច្ចតំបន់អាស៊ី-ប៉ាស៊ីហ្វិក។ ដូច្នេះអាស៊ាន និងចិនចាំបាច់ត្រូវពង្រឹងភាពធន់ន កិច្ចសហប្រតិបត្តិការ និងអន្តរកម្មសេដ្ឋកិច្ចបន្ថែមទៀត ដើម្បីបង្ហាញប្រាប់ពិភពលោកថា ការជំរុញ ពាណិជ្ជកម្មពហុភាគី ដែលសេរីបើកចំហ មានបរិយាប័ន្ន និងផ្អែកលើវិធានច្បាប់ នៅតែជាដំណោះស្រាយរួមដែលសមស្របបំផុតសម្រាប់ទាំងអស់គ្នា។
សម្ដេចធិបតីថ្លែងថា ក្រៅពីពាណិជ្ជកម្មទំនិញ ប្រទេសសមាជិកទាំងអស់ ក៏គួរផ្តោតការយកចិត្តទុកដាក់ លើការជំរុញពាណិជ្ជកម្មសេវាកម្ម និងពាណិជ្ជកម្មឌីជីថលផងដែរ។ សម្ដេចធិបតី មើលឃើញសក្តានុពលពីសហថាមពលរវាងកិច្ចព្រមព្រៀងពាណិជ្ជកម្ម សេរីទ្វេភាគី និងកិច្ចព្រមព្រៀងអាសិប ដើម្បីជំរុញបន្ថែមទៀតដល់ពាណិជ្ជកម្មទំនិញ និងសេវាកម្ម។ សម្រាប់ពាណិជ្ជកម្មឌីជីថល ក្នុងពេលដែលប្រទេសសមាជិកទាំងអស់ចាប់ផ្តើមចរចាកិច្ចព្រមព្រៀងក្របខ័ណ្ឌសេដ្ឋកិច្ចឌីជីថលអាស៊ាន (DEFA)។ សម្ដេចធិបតីយល់ថាប្រទេសសមាជិកទាំងអស់ចាំបាច់ត្រូវប្រមើលពីតួនាទីរបស់អាសិបនៅក្នុងក្របខ័ណ្ឌនេះផងដែរ ដើម្បីជំរុញពាណិជ្ជកម្មឌីជីថលឱ្យមានវិសាលភាពកាន់តែទូលំទូលាយ។
សម្ដេចធិបតីបញ្ជាក់ថាប្រទេសសមាជិកទាំងអស់ ត្រូវទទួលស្គាល់ថា វិស័យឯកជន គឺជាតួអង្គគន្លឹះក្នុងការអនុវត្តកិច្ចព្រមព្រៀងនេះ និងជាអ្នកជួយចែកចាយផលលាភសេដ្ឋកិច្ចឱ្យបានទូលំទូលាយទៅដល់ប្រជាជន។ ដូច្នេះប្រទេសសមាជិកទាំងអស់ត្រូវបន្តបញ្ជ្រាបពីសារៈសំខាន់របស់អាសិបដល់វិស័យឯកជនព្រមទាំងជំរុញ និងគាំទ្រលទ្ធភាពរបស់ពួកគេ ក្នុងការចូលរួម អនុវត្ដអាសិប ជាពិសេសសហគ្រាសធុរកិច្ចថ្មី ធុនតូច និងមធ្យម។
សម្ដេចធិបតីថ្លែងថា ប្រទេសសមាជិកទាំងអស់ គួរចាប់ផ្ដើមពន្លឿនការបញ្ចប់នីតិវិធីសម្រាប់ការស្នើសុំចូលជាសមាជិកអាសិបថ្មីៗថែមទៀត និងគិតគូរពីការពង្រីកសមាជិកភាព។ នេះគឺជាគោលនយោបាយរួមរបស់អាស៊ាន ដើម្បីជំរុញសមាហរណកម្មទៅក្នុងសេដ្ឋកិច្ចសកលលោក ក៏ដូចជាពង្រឹងកិច្ចសហប្រតិបត្តិការជាមួយដៃគូខាងក្រៅ ដែលមានសក្តានុពល។
សម្ដេចធិបតីថ្លែងថា ការធានាបរិយាប័ន្នភាពនៃកិច្ចព្រមព្រៀងអាសិប មានសារៈសំខាន់ក្នុងការបង្កើតភាពទាក់ទាញ និងបង្ហាញពីអត្ថប្រយោជន៍នៃការចូលរួមពាណិជ្ជកម្មពហុភាគី។ ក្នុងន័យនេះសម្ដេចធិបតីលើកទឹកចិត្តឱ្យមានការអនុវត្តប្រកបដោយប្រសិទ្ធភាពនៃជំពូកស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងបច្ចេកទេសដែលនឹងជួយឱ្យសមាជិកដែលជាប្រទេសអភិវឌ្ឍន៍តិចតួច អាចមានលទ្ធភាពចូលរួមអនុវត្តកាតព្វកិច្ចរបស់ខ្លួន៕






