
ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានណែនាំដល់គ្រប់ក្រសួង-ស្ថាប័ន និងគ្រប់រដ្ឋបាលរាជធានី-ខេត្ត ទូងស្គរ ទះប៉ោត និងគោះត្រដោកតាមគ្រប់មធ្យោបាយដែលខ្លួនមាននៅវេលាម៉ោង ០៧:០០ ព្រឹក ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ នៅគ្រប់ទីកន្លែងសាធារណៈសំខាន់ៗ រួមមានទីស្ដីការក្រសួង-ស្ថាប័ន និងអង្គភាព គ្រប់សាលារាជ-ធានីខេត្ត គ្រប់សាលាក្រុង-ស្រុក-ខណ្ឌ គ្រប់សាលាឃុំ-សង្កាត់ គ្រប់វត្តអារាម និងសាលាបុណ្យព្រមទាំងគ្រប់ទីប្រជុំសហគមន៍នៅតាមភូមិឱ្យបានកុះករ ប្រកបដោយទឹកចិត្តមោទនៈ និងសប្បាយរីករាយចំពោះព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេ ការដាក់បញ្ចូលប្រាសាទកោះកេរជាសម្បត្តិបេតិកភណ្ឌពិភពលោក។
សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានណែនាំ ឯកឧត្តមលោកជំទាវ ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដី ក៏ដូចជា គណៈអភិបាលរាជធានី-ខេត្តថា ដើម្បីចូលរួមអបអរសាទរឱ្យបានផុសផុលនូវសមិទ្ធផលនេះ នៅក្នុងក្របខណ្ឌទូទាំងប្រទេសកម្ពុជា និងបំផុសស្មារតីជាតិ ក្នុងការចូលរួមរបស់ប្រជាជនទាំងអស់ ដែលកន្លងទៅកម្ពុជាធ្លាប់បានធ្វើដូចគ្នានេះ តាមរយៈការបំផុសឱ្យមានការទូងស្គរជ័យដើម្បីអបអរសាទរនៅគ្រប់មជ្ឈដ្ឋានទូទាំងប្រទេសកម្ពុជា។
នៅក្នុងការទូងស្គរនេះសម្ដេចធិបតីនាយករដ្ឋមន្រ្ដីបានកំណត់យកវេលាម៉ោង ៧ ព្រឹក ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ ២០២៣ ដោយបណ្ដារាជធានី-ខេត្ត ក្រសួង ស្ថាប័នពាក់ព័ន្ធ និងគ្រប់ស្រុក ក្រុង ខណ្ឌ ឃុំ សង្កាត់ អំពាវនាវដល់ប្រជាពលរដ្ឋទូងស្គជ័យនេះដើម្បីអបអរសាទរ ក្នុងន័យនៅក្នុងការបំផុសនូវស្មារតីជាតិនិយម ស្មារតីអបអរសាទរនូវលទ្ធផលជាប្រវត្តិសាស្រ្ដមួយបន្ថែមទៀតរបស់កម្ពុជា។
សម្ដេចធិបតីបញ្ជាក់ថាមិទ្ធផលនេះត្រូវបានខិតខំដឹកនាំធ្វើដោយលោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រី ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ស្ថាប័នពាក់ព័ន្ធ និងអ្នកកពាក់ព័ន្ធទាំងអស់ក្រោមគោលគំនិតនៃការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ដែលបានខិតខំធ្វើមកជាច្រើនឆ្នាំកន្លងមករហូតបានសម្រេចនាពេលនេះ៕