
ភ្នំពេញ៖ ឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតីចិន មានប្រសាសន៍ថា សម្ដេចតជោ ហ៊ុន សែន បានរួមចំណែកជាប្រវត្តិសាស្ត្រ ក្នុងបុព្វហេតុមិត្តភាពចិន-កម្ពុជា ជាពិសេសបានបើកសករាជថ្មី នៃការកសាងសហគមន៍វាសនារួម កម្ពុជា-ចិន ក្នុងយុគសម័យថ្មីប្រកបដោយគុណភាពខ្ពស់កម្រិតខ្ពស់ និងស្តង់ដារខ្ពស់។
ឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតីចិន បានមានប្រសាសន៍បញ្ជាក់បែបនេះក្នុងជំនួបជាមួយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា នាឱកាសដំណើរបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋប្រជាមានិតចិន ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ តបតាមការអញ្ជើញរបស់ ឯកឧត្ដម លី ឈាង នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាមានិតចិន។
ក្នុងជំនួបដាច់ដោយឡែក ប្រកបដោយមនោសញ្ចេតនាមិត្តភាពដ៏ជ្រាលជ្រៅនោះ ថ្នាក់ដឹកនាំកំពូលៗចិន ឯកឧត្តម ស៊ី ជីនពីង បានបង្ហាញការគាំទ្រ និងអបអរសាទរជាថ្មីទៀត ជាមួយប្រជាជនកម្ពុជា ក្នុងឱកាសដែល សម្តេចធិបតីត្រូវបានជ្រើសតាំងជានាយករដ្ឋមន្ត្រីសម្រាប់នីតិកាលទី៧ នៃរដ្ឋសភា។
ឯកឧត្តម បានផ្តាំផ្ញើការសួរសុខទុក្ខដោយក្ដីនឹករលឹកដ៏ស្មោះ ជូនសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ដែលជាមគ្គុទ្ទេសក៍ឆ្នើមក្នុងប្រវត្តិសាស្ត្រ និងដែលបានពូន ជ្រុំទំនាក់ទំនងការទូតកម្ពុជា-ចិន បន្តពីស្នាព្រះហស្ថ និងស្នាដៃដ៏ឧត្ដុង្គឧត្តមខ្ពង់ខ្ពស់របស់ព្រះបរមរតនកោដ្ឋ និងថ្នាក់ដឹកនាំចិនគ្រប់ជំនាន់។
ឯកឧត្តម ស៊ី ជីនពីង គូសបញ្ជាក់ទៀតថា ចំណងមិត្តភាពប្រទេសទាំងពីរ ប្រៀបបីដូចជាដើមឈើមួយដើមដ៏ធំដែលបានចាក់ឫសយ៉ាងជ្រៅ និងយ៉ាងរឹងមាំ ហើយប្រជាជាតិទាំងពីរបានទទួលផ្លែផ្កា និងផលប្រយោជន៍ជារៀងរហូតមិនអាចកាត់ថ្លៃបាន។
ជាការឆ្លើយតបសម្ដេចធិបតី ហ៊ុន ម៉ណែត បានថ្លែងអំណរគុណដល់រដ្ឋាភិបាលចិនដែលបានពិនិត្យ និងព្យាបាលព្រះរាជសុខភាពជាទៀងទាត់ថ្វាយ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងសម្ដេចព្រះវររាជមាតា ជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។
សម្ដេចធិបតី បានជម្រាបថ្នាក់ដឹកនាំកំពូលៗចិនអំពីការផ្តាំផ្ញើនូវ ក្ដីនឹករលឹកពីសម្ដេចតេជោជូន ឯកឧត្តមប្រធានាធិបតី និងថ្នាក់ដឹកនាំកំពូលៗចិនផងដែរ។ ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជាសម្ដេចធិបតី ក៏បានថ្លែងអំណរគុណរដ្ឋាភិបាល និងប្រជាជនចិន សម្រាប់កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយប្រកបដោយមិត្តភាព ជាពិសេសការជំរុញ និងអនុវត្តនូវកិច្ចព្រមព្រៀងទាំងឡាយដែលរួមចំណែកធ្វើឱ្យរាជរដ្ឋាភិបាលកម្ពុជាមានលទ្ធភាពខ្ពស់ក្នុងការអភិវឌ្ឍជាតិលើគ្រប់វិស័យ៕
អត្ថបទ៖វ៉ន ដារ៉ា/