ក្រុមបាតុកររាប់ម៉ឺននាក់ បានចាប់ផ្តើមប្រារព្ធទិវា «សប្តាហ៍អាកាសធាតុ» ហើយបានដើរដង្ហែពាសពេញដងផ្លូវនៃតំបន់ Midtown ទីក្រុង Manhattan រដ្ឋញ៉ូវយ៉ក របស់សហរដ្ឋអាមេរិក កាលពីថ្ងៃអាទិត្យ (១៧ កញ្ញា) នៅមុនមហាសន្និបាតអង្គការសហប្រជាជាតិក្នុងសប្តាហ៍នេះ ដោយអំពាវនាវឱ្យប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន និងបណ្ដាមេដឹកនាំពិភពលោកផ្សេងទៀត បញ្ចប់ការប្រើប្រាស់ឥន្ធនៈហ្វូស៊ីល។
ជាមួយនឹងក្បួនដង្ហែ ការប្រគុំតន្ត្រី និងការវាយស្គរ ក្រុមអ្នកតវ៉ាបានគ្រវីស្លាកសញ្ញា ដែលសរសេរថា «លោក បៃដិន សូមបញ្ឈប់ការប្រើប្រាស់ឥន្ធនៈហ្វូស៊ីល» «ឥន្ធនៈហ្វូស៊ីលសម្លាប់ជីវិតលើផែនដី» និង «ការប្រកាសអាសន្នអាកាសធាតុ» ជាដើម។

សារទាំងនេះ គឺផ្ញើទៅកាន់បណ្ដាមេដឹកនាំពិភពលោក ក្នុងការជួយសង្គ្រោះភពផែនដីពីការប្រើប្រាស់ប្រេង និងឧស្ម័ន ដែលគេជឿថាកំពុងជំរុញឱ្យផែនដីឡើងកម្ដៅ។
ការតវ៉ាកាលពីថ្ងៃអាទិត្យ គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងអន្តរជាតិរយៈពេលមួយសប្តាហ៍ដោយក្រុមសកម្មជនអាកាសធាតុ ដែលជាអង្គការមិនរកប្រាក់ចំណេញ មានគោលបំណងជំរុញសកម្មភាពបម្រែបម្រួលអាកាសធាតុ និងបញ្ឈប់ការឡើងកម្ដៅផែនដី ដោយមានការតវ៉ាជាង៥០០ករណី ដែលគ្រោងនឹងធ្វើនៅសហរដ្ឋអាមេរិក អាល្លឺម៉ង់ អង់គ្លេស កូរ៉េខាងត្បូង ឥណ្ឌា និងកន្លែងផ្សេងទៀតសរុបជាង៥៤ប្រទេស ហើយក្រុមអ្នករៀបចំការតវ៉ារំពឹងថា នឹងមានអ្នកចូលរួមទូទាំងពិភពលោកជាងមួយលាននាក់ផងដែរ៕
