បងប្អូនប្រជាពលរដ្ឋខ្មែរទាំងស្រី ទាំងប្រុស ដែលកំពុងរស់នៅសហរដ្ឋអាមេរិក និងកាណាដា នឹងចំណាយថវិកាខ្លួនផ្ទាល់ ដើម្បីចង់ឃើញ និងឆ្លៀតទៅចូលរួមស្វាគមន៍ដល់វត្តមានរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលនឹងទៅចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៨ (UN)នៅសហរដ្ឋអាមេរិក នាចុងខែកញ្ញា ឆ្នាំ២០២៣ខាងមុខនេះ។
តាមរយៈវិដេអូឃ្លីបបានចេញជាបន្តបន្ទាប់ ជាក្រុមផង និងម្នាក់ឯងផង បងប្អូនប្រជាពលរដ្ឋខ្មែរ ដែលរស់នៅរដ្ឋផ្សេងៗគ្នា នាសហរដ្ឋអាមេរិក ប្រទេសកាណាដា និងប្រទេសមួយចំនួនទៀត បានលើកឡើងថា ពួកគាត់ពិតជាសប្បាយចិត្តយ៉ាងខ្លាំង និងត្រៀមខ្លួនរួចជាស្រេចដើម្បីទទួលសម្តេចធិបតី ហ៊ុន ម៉ាណែត លើទឹកដីអាមេរិក។ ពួកគាត់បានអះអាងទៀតថា ការឆ្លៀតរបស់ពួកគាត់ដើម្បីស្វាគមន៍សម្តេច ធិបតីនាយករដ្ឋមន្រ្តីលើទឹកដីអាមេរិកនោះ ពុំមានអ្នកណាម្នាក់ធ្វើការបង្ខិតបង្ខំ និងជួលអ្វីនោះឡើយ គឺពួកគាត់ស្ម័គ្រចិត្តទៅដោយខ្លួនឯង ក្នុងនាមពលរដ្ឋខ្មែរឯនាយសមុទ្រស្រលាញ់សុខសន្តិភាព និងការអភិវឌ្ឍដល់ប្រទេសជាតិខ្លួនឯង។
សូមបញ្ជាក់ថា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នឹងធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិកនៅចុងខែកញ្ញា ឆ្នាំ២០២៣ខាងមុខនេះ ដើម្បីចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៨(UN)។ នៅក្នុងអំឡុងពេលដំណើរទស្សនកិច្ចជាលើកដំបូងលើទឹកដីអាមេរិក បន្ទាប់ពីសម្តេចត្រូវបានតែងតាំងជានាយករដ្ឋមន្រ្តីកម្ពុជានីតិកាលទី៧នេះ សម្តេចធិបតី នឹងជួបជាមួយមន្ត្រីជាន់ខ្ពស់ និងអ្នកធ្វើធុរកិច្ចរបស់អាមេរិក និងបងប្អូនប្រជាពលរដ្ឋខ្មែរដែលកំពុងរស់នៅទី នោះផងដែរ។
តាមរយៈវិដេអូឃ្លីបរបស់បងប្អូនប្រជាពលរដ្ឋខ្មែរ ដែលកំពុងរស់នៅក្រៅប្រទេសទាំងនោះក៏បាន បង្ហាញនូវទឹកចិត្តស្រលាញ់គាំទ្រ និងជូនពរដល់សម្តេចធិបតីធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិកប្រកបដោយសុវត្ថិភាព និងទទួលបានជោគជ័យគ្រប់ភារកិច្ចផងដែរ៕ អត្ថបទ បាន ចក់