ម៉ាលី៖ ប្រទេសម៉ាលី នីហ្សេ និងបួរគីណា ហ្វាសូ ដែលជាប្រទេសអាហ្វ្រិកខាងលិចចំនួនបីគ្រប់គ្រងដោយរបបយោធា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិសុខកាលពីថ្ងៃសៅរ៍ (១៦ កញ្ញា) ដោយសន្យាថា នឹងមកជួយគ្នាទៅវិញទៅមកក្នុងករណីមានការបះបោរ ឬការឈ្លានពានពីខាងក្រៅ។
ប្រទេសទាំងបី កំពុងជួបការលំបាកក្នុងការទប់ស្កាត់ក្រុមបះបោរអ៊ីស្លាម ដែលមានទំនាក់ទំនងជាមួយក្រុមអាល់កៃដា និងរដ្ឋឥស្លាម ហើយក៏បានមើលឃើញទំនាក់ទំនងរបស់ពួកគេជាមួយប្រទេសជិតខាង និងដៃគូអន្តរជាតិ មានភាពតានតឹងដោយសារតែរដ្ឋប្រហារផងដែរ។
រដ្ឋទាំងបីនេះ ធ្លាប់ជាសមាជិកនៃកងកម្លាំងសម្ព័ន្ធភាពទាំង៥ (G5) របស់តំបន់ដ៏ក្រីក្រ សាហែល (Sahel) អាហ្រ្វិក ដែលគាំទ្រដោយបារាំង ជាមួយប្រទេសឆាដ និងម៉ូរីតានី ដោយបានចាប់ផ្តើមនៅឆ្នាំ២០១៧ ដើម្បីដោះស្រាយបញ្ហាក្រុមអ៊ីស្លាមនៅក្នុងតំបន់ ប៉ុន្តែទំនាក់ទំនងរវាងប្រទេសបារាំង និងរដ្ឋទាំងបីនេះ បានប្រេះស្រាំចាប់តាំងពីមានរដ្ឋប្រហារមក។
ប្រទេសបារាំង ត្រូវបានបង្ខំឱ្យដកទ័ពរបស់ខ្លួនចេញពីប្រទេសម៉ាលី និងបួរគីណា ហ្វាសូ ហើយកំពុងស្ថិតក្នុងភាពតានតឹងជាមួយរបបយោធា ដែលបានដណ្តើមអំណាចនៅនីហ្សេ បន្ទាប់ពីប្រទេសនេះបានស្នើសុំឱ្យបារាំងដកទ័ព និងឯកអគ្គរដ្ឋទូតរបស់ខ្លួន៕

