
ស្វាយរៀង៖ រដ្ឋបាលខេត្តស្វាយរៀង បានប្រកាសពីការរកឃើញមនុស្ស ៥០នាក់ទៀតឆ្លងមេរោគកូវីដ-១៩ ដែលភាគច្រើនជាកម្មករកម្មការិនីរោងចក្រ។
ក្នុងសេចក្ដីជូនដំណឹងនៅថ្ងៃនេះ រដ្ឋបាលខេត្តស្វាយរៀង បញ្ជាក់ថា កម្មករកម្មការិនីរហូតដល់ ៤៦នាក់ទៀត ត្រូវបានរកឃើញឆ្លងមេរោគកូវីដ-១៩ ក្នុងនោះ មានកម្មករកម្មការិនីបម្រើការងារនៅរោងចក្ររហូតដល់ទៅ ៤០នាក់។
បើតាមរដ្ឋបាលខេត្តនេះ អ្នកជំងឺកូវីដ-១៩ចំនួន ៤៥នាក់ ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមណ្ឌលព្យាបាលកូវីដ-១៩បាវិត ខណៈអ្នកជំងឺចំនួន ៤នាក់ទៀត ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យបង្អែកស្វាយជ្រំ និងម្នាក់ទៀត ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកសាមគ្គីរំដួល។
គិតត្រឹមថ្ងៃនេះ រដ្ឋបាលខេត្តស្វាយរៀងបញ្ជាក់ថា បានរកឃើញមនុស្ស ៧០៧នាក់ហើយឆ្លងមេរោគកូវីដ-១៩នៅទូទាំងខេត្តមួយនេះ ក្នុងនោះអ្នកជំងឺចំនួន ៥នាក់បានស្លាប់ ព្យាបាលជាសះស្បើយចំនួន ៣៧៧នាក់ ខណៈអ្នកជំងឺចំនួន ៣២៤នាក់ទៀត កំពុងស្ថិតក្រោមការព្យាបាលបន្ត៕