ឯកឧត្តម តែ ឡូរិន ប្រធានសហព័ន្ធកីឡាគុនដាវកម្ពុជា បានប្ដេជ្ញាជំរុញការអភិវឌ្ឍវិស័យកីឡាមួយនេះ ឲ្យកាន់តែរីកចម្រើន និងឆ្ពោះទៅរកសមិទ្ធផលកាន់តែប្រសើរ នៅក្នុងព្រឹត្តិការណ៍កីឡាយុវជនអាស៊ី ឆ្នាំ២០២៩ ដែលកម្ពុជាធ្វើម្ចាស់ផ្ទះ ក្រោយទទួលបានជោគជ័យក្នុងព្រឹត្តិការណ៍ស៊ីហ្គេម ឆ្នាំ២០២៣ ។
ការលើកឡើងនេះ បន្ទាប់ពីសហព័ន្ធបានរៀបចំការប្រកួតកីឡាគុនដាវជ្រើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៣ ប្រកបដោយជោគជ័យ ក្រោយដំណើរការប្រកួតរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែកញ្ញា នៅសាលដំបូលទូក នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ។
ប្រធានសហព័ន្ធដដែល បានរំលេចថា បន្ទាប់ពីជោគជ័យស៊ីហ្គេម ដែលកីឡាគុនដាវ ដណ្ដើមបានមេដាយសំរឹទ្ធ ៣គ្រឿងលើកដំបូង បានធ្វើឲ្យកីឡានេះ មានប្រជាប្រិយ និងការចូលរួមកាន់តែច្រើន ។ តាមរយៈនេះ បានធ្វើឲ្យសហព័ន្ធកាន់តែមានទឹកចិត្តខិតខំអភិវឌ្ឍន៍ ហើយឯកឧត្តមសង្ឃឹមថា ផ្អែកផែនការ និងកំណែទម្រង់រៀងរាល់ឆ្នាំ នឹងជំរុញឲ្យកីឡាគុនដាវកម្ពុជា មានលទ្ធភាពឆ្ពោះទៅរកមេដាយមាស ឬប្រាក់ នៅក្នុងការប្រកួតកីឡាយុវជនអាស៊ី លើកទី៥ នាឆ្នាំ២០២៩ ខាងមុខ ។

សូមបញ្ជាក់ថា ការប្រកួតកីឡាគុនដាវជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំនេះ មានប្រតិភូ គ្រូបង្វឹក និងកីឡាករ-កីឡាការិនីចូលរួមសរុប ៩១នាក់ មកពី ១២ក្លិប ស្មើនឹង ៥រាជធានី-ខេត្ត ដែលធ្វើការប្រកួតលើ ៦វិញ្ញាសា ។ ជាលទ្ធផលវិញ្ញាសាបុរសដាវកាប់ឯកត្តជន លេខ១ បានទៅកីឡាករ ជន ចំរ៉ុង មកពីវិទ្យាល័យ ជា ស៊ីម សាមគ្គី ។ វិញ្ញាសានារីដាវធំឯកត្ដជន លេខ១ បានទៅកីឡាការិនី យី លីហ្សា ។ វិញ្ញាសាបុរសដាវតូចឯកត្ដជន លេខ១ បានទៅកីឡាករ ខឿន ទីម៉ា មកពីក្រសួងមហាផ្ទៃ ។

រីឯវិញ្ញាសានារីដាវកាប់ឯកត្ដជន លេខ១ បានទៅកីឡាការិនី សន និច មកពីក្លិបកងយោធពលខេមរភូមិន្ទ ។ វិញ្ញាសាបុរសដាវធំឯកត្តជន លេខ១ បានទៅកីឡាករ សាវឿន សុក័នុ មកពីក្លិបក្រសួងមហាផ្ទៃ ។ វិញ្ញាសានារីដាវតូចឯកត្ដជន លេខ១ បានទៅកីឡាការិនី ឆាយ លីនលី ។ វិញ្ញាសាបុរសដាវធំក្រុម លេខ១ បានទៅក្រុមក្រសួងមហាផ្ទៃ និងវិញ្ញាសានារីដាវធំក្រុម លេខ១ បានទៅក្រុមកងយោធពលខេមរភូមិន្ទ ៕ អត្ថបទ លី ឈុនឡា
