កីឡាករប្រណាំងរថយន្តអេស្ប៉ាញ Carlos Sainz បានប្រជែងឈ្នះព្រឹត្តការណ៍ F1 នៅទឹកដីសិង្ហបុរី ដើម្បីបញ្ចប់ដំណើរជោគជ័យរបស់ Max Verstappen និង Red Bull រដូវកាលនេះ។
កីឡាកររបស់ក្រុម Ferrari រូបនេះ ជាអ្នកឈ្នះក្នុងការប្រណាំងយកទីចេញដំណើរកាលពីថ្ងៃសៅរ៍ និងបានរក្សាការនាំមុខរបស់ខ្លួនតាំងពីពេលចេញដំណើររហូតដល់ទីព្រ័ត្រ។
ជាសប្តាហ៍ដ៏អាក្រក់មួយសម្រាប់ Red Bull ដោយកីឡាករទាំងពីរនាក់មិនអាចឆ្លងផុតវគ្គជម្រុះជុំទី២ កាលពីថ្ងៃ សៅរ៍ ហើយ Max Verstappen ចាប់ពីលេខ ១១ ពុះពារដល់លេខ ៥ នៅទីបញ្ចប់។

អ្នកមកដល់ទីចំណាត់ថ្នាក់លេខ ២ គឺ Lando Norris របស់ក្រុម McLaren តាមពីក្រោយដោយជើងឯក ៧ សម័យ Lewis Hamilton ខណៈមិត្តរួមក្រុម Mercedes, George Russell បាត់បង់តំណែងលេខ ៣ នៅជុំចុងក្រោយ និងកៀកទីព្រ័ត្រផងដែរក្រោយភ្លាត់ស្នៀតប៉ះរបង។
សូមបញ្ជាក់ថា នេះជាជ័យជំនះទី ២ ប៉ុណ្ណោះសម្រាប់ Carlos Sainz តាំងពីឈ្នះនៅអង់គ្លេសឆ្នាំមុន ហើយក៏ជាលើកដំបូងដែរក្នុងរដូវកាលនេះដែល Red Bull មិនឈ្នះ ពោលគឺរដូវកាលនេះ ២០២៣ នេះ Red Bull តែងតែឈ្នះជាពិសេសគឺ Max Verstappen ដែលកំពុងនាំមុខគេក្នុងតារាងជើងឯក។

ឆ្លងកាត់ការប្រកួតសប្តាហ៍នេះ Max Verstappen បន្តនាំមុខគេដដែលមានសរុប ៣៧៤ ពិន្ទុ តាមពីក្រោយដោយមិត្តរួមក្រុម Red Bull, Sergio Perez មាន ២២៣ ពិន្ទុ Lewis Hamilton លេខ ៣ មាន ១៨០ ពិន្ទុ Fernando Alonso លេខ ៤ មាន ១៧០ ពិន្ទុ និងលេខ ៥ Carlos Sainz មាន ១៤២ ពិន្ទុ។
បន្ទាប់ពីសិង្ហបុរី Formula One ពិភពលោកនឹងបន្តដំណើរទៅទឹកដីជប៉ុនចុងសប្តាហ៍នេះ៕ អត្ថបទ៖នាង សុភាវុធ

