ភ្នំពេញ៖ គម្រោងអភិវឌ្ឍន៍ជលផលក្រោយប្រមូលផល(CAPFish-Capture) អនុវត្តរួមគ្នាដោយរដ្ឋបាលជលផល និងអង្គការសហប្រជាជាតិដើម្បីអភិវឌ្ឍន៍ឧហ្សាហកម្ម(UNIDO) ក្រោមសហហិរញ្ញប្បទានពីសហភាពអឺរ៉ុប បានជំរុញឱ្យសហគ្រាសនៅខេត្តកំពង់ធំ អនុវត្តស្តង់ដារសុវត្ថិភាពម្ហូបអាហារ។
បន្ទាប់ពីទទួលបានការគាំទ្រពីគម្រោង CAPFish-Capture សិប្បកម្មផលលិតត្រីងៀត សួង សោភ័ណ ស្ថិតនៅស្រុកស្ទោង ខេត្តកំពង់ធំ បានអនុវត្តស្តង់ដារ CQS និងបង្កើនកើនការផលិតក្នុងមួយខែៗ និងទទួលបានប្រាក់ចំណូលច្រើនជាងមុនផងដែរ។
នេះបើតាមលោក សួង សោភ័ណ ម្ចាស់សិប្បកម្មបានប្រាប់អ្នកសារព័ត៌មាន ក្នុងពេលលោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅព្រឹកថ្ងៃទី១៨ខែកញ្ញានេះ បន្តដឹកនាំគណៈប្រតិភូមកពីក្រសួងកសិកម្ម អង្គការUNIDO និងអ្នកសារព័ត៌មានចំនួន១៩ស្ថាប័ន ទៅទស្សកិច្ចខ្សែចង្វាក់ផលិតកម្មម្ចាស់សហគ្រាសកែច្នៃត្រី សួង សោភ័ណស្ថិតនៅស្រុកស្ទោង ខេត្តកំពង់ធំ។
លោក សួង សោភ័ណ បន្តថា មុនពេលមិនទាន់រួមចូលអនុវត្តគម្រោង មុខរបបខ្ញុំធ្វើលក្ខណៈបែបគ្រួរសារតែលូវយើងមានបុគ្គលិកចូលធ្វើការជិត១០នាក់ និងមានទីផ្សារល្អផងដែរ។ការមានបុគ្គលិកនេះ ព្រោះតែតំរូវការមានកើនឡើង។
លោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានមានប្រសាសន៍ថា សុវត្ថិភាពម្ហូបអាហារ មានសារៈសំខាន់ណាស់សម្រាប់សុខភាពរបស់មនុស្សគ្រប់រូប។ លើសពីនេះ លោកជំទាវ បានលើកឡើងពីការចូលរួមចំណែករបស់គម្រោងCAPFISH-Capture ក្នុងការជំរុញឱ្យដៃគូពាក់ព័ន្ធផលិតម្ហូបអាហារឱ្យមានសុវត្ថិភាព មានស្តង់ដារ លក់ក្នុងតម្លៃសមរម្យ ឱ្យអ្នកប្រើប្រាស់មានលទ្ធភាពទិញបរិភោគ ដើម្បីកាត់បន្ថយការចំណាយ ទើបអាចប្រកួតប្រជែងនៅលើទីផ្សារជាតិ និងអន្តរជាតិ។
ដំណើរទស្សនកិច្ចសិក្សា និងផ្សព្វផ្សាយអំពីសហគ្រាសជលផលក្រោយប្រមូលផលដែលទទួលផលពីគម្រោង CAPFish បានចាប់ផ្តើមតាំងពីថ្ងៃទី១៧ រហូតដល់ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ ស្ថិតនៅ រាជធានីភ្នំពេញ ខេត្តកណ្តាល កំពង់ធំ និងខេត្តសៀមរាប៕ អត្ថបទ៖ទូច សោភ័ណ





