ក្រុមបាល់ឱបជម្រើសជាតិហ្វីជីបានធ្វើឱ្យមានរឿងភ្ញាក់ផ្អើល នៅព្រឹត្តិការណ៍បាល់ឱបជើងឯកពិភពលោកលើទឹកដីបារាំង បន្ទាប់ពីយកឈ្នះក្រុមជើងឯក ២ សម័យអូស្រ្តាលីនៅក្នុងពូល C ២២-១៥។
ហ្វីជីនាំមុខ ១២-៨ ក្នុងវគ្គទី ១ តាមរយៈបាល់ពិន័យ ៤ លើក ខណៈអូស្រ្តាលីមានបាល់ពិន័យមួយលើក និងរកបានមួយ Try។
ឈានចូលវគ្គទី ២ បើកមកហ្វីជីក៏រកបាន Try បង្កើនការនាំមុខឱហ្វីជី ខណៈអូស្រ្តាលីក៏ព្យាយាមតាមពីក្រោយវិញដែរតែយឺតពេលទៅហើយខណៈការប្រកួតបញ្ចប់ដោយលទ្ធផល ២២-១៥។

នេះជាជ័យជំនះទី ៣ សម្រាប់ហ្វីជីលើអូស្រ្តាលី តែជាជ័យជំនះដំបូងនៅ World Cup ដើម្បីឡើងឈរលេខ ២ នៅក្នុងពូល C នេះ។
ងាកមកការប្រកួតផ្សេងទៀត ក្រុមជើងឯកឆ្នាំ ២០០៣ អង់គ្លេសបានយកឈ្នះជប៉ុនដាច់ ៣៤-១២។
Lewis Ludlam រកបាន Try តែមួយគត់ដែលកើតឡើងក្នុងវគ្គទី ១ ខណៈជប៉ុនតាមពីក្រោយប្រកៀតប្រកិតនៅដើមវគ្គទី ២ ដោយបាល់ពិន័យ Rikiya Matsuda តែអង់គ្លេសក៏រកបាន Try ៣ លើកផ្ទួនៗ ដើម្បីបញ្ចប់ការប្រកួតជាមួយនឹងជ័យជំនះ ៣៤-១២។
សូមបញ្ជាក់ថា នេះជាជ័យជំនះ ២ ប្រកួតផ្ទួនៗសម្រាប់អង់គ្លេស បន្ទាប់ពីប្រកួតដំបូងយកឈ្នះអាហ្សង់ទីន ២៧-១០៕ អត្ថបទ៖នាង សុភាវុធ

