អង្គការសហប្រជាជាតិ បានកែប្រែតួលេខចំនួនអ្នកស្លាប់ពីមុនរបស់ខ្លួនក្នុងគ្រោះទឹកជំនន់នៅប្រទេសលីប៊ី នេះបើយោងតាមរបាយការណ៍កែសម្រួល ដែលបានធ្វើបច្ចុប្បន្នភាពកាលពីព្រឹកថ្ងៃអាទិត្យ (១៧ កញ្ញា) ពីការិយាល័យអង្គការសហប្រជាជាតិសម្រាប់ការសម្របសម្រួលកិច្ចការមនុស្សធម៌ (OCHA) ។

ពេលនេះ អង្គការសហប្រជាជាតិ បញ្ជាក់ថា មនុស្សយ៉ាងហោចណាស់៣.៩៥៨នាក់ប៉ុណ្ណោះបានស្លាប់ នៅទូទាំងប្រទេសលីប៊ី ដោយសារទឹកជំនន់ ដោយសំអាងដល់អង្គការសុខភាពពិភពលោករបស់អង្គការសហប្រជាជាតិ (WHO) ហើយរបាយការណ៍ដែលបានកែប្រែក៏បានបញ្ជាក់ដែរថា មនុស្សជាង៩.០០០នាក់នៅតែបន្តបាត់ខ្លួន។
នៅក្នុងរបាយការណ៍ដំបូងកាលពីថ្ងៃសៅរ៍ ការិយាល័យ OCHA បាននិយាយថា យ៉ាងហោចណាស់មនុស្ស១១.៣០០នាក់ បានស្លាប់នៅក្នុងទីក្រុង Derna ប្រទេសលីប៊ី ដោយសារទឹកជំនន់ដ៏បំផ្លិចបំផ្លាញ ដោយបានសំអាងដល់ទីភ្នាក់ងារ អឌ្ឍចន្ទក្រហមលីប៊ី ជាមួយនឹងតួលេខសម្រាប់របាយការណ៍កាលពីថ្ងៃសៅរ៍។
លោក Farhan Haq អ្នកនាំពាក្យរងរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិបានប្រាប់សារព័ត៌មាន CNN កាលពីថ្ងៃអាទិត្យថា «យើងបានប្រកាសតួលេខ ដែលទើបតែបានផ្ទៀងផ្ទាត់ដោយអង្គការ WHO»។
នៅពេលត្រូវបានសាកសួរថា តើហេតុដូចម្តេច ឬហេតុអ្វី បានជាអង្គការសហប្រជាជាតិបានលើកឡើងពីចំនួនអ្នកស្លាប់ដោយមិនត្រឹមត្រូវនោះ លោក Haq បាននិយាយថា «ដោយសារតែស្ថិតនៅក្នុងសោកនាដកម្មផ្សេងៗគ្នាច្រើនពេក យើងក៏បានធ្វើការកែប្រែតួលេខរបស់យើង ដូច្នេះនេះហើយជាហេតុផល»៕

