យោធារបស់ប្រទេសចិន បានបញ្ជូនយន្តហោះចម្បាំងចំនួន១០៣គ្រឿងទៅកាន់កោះតៃវ៉ាន់ក្នុងរយៈពេល២៤ម៉ោង នៅក្នុងអ្វីដែលអាជ្ញាធរការពារជាតិរបស់កោះនេះបាននិយាយនៅថ្ងៃចន្ទ (១៨ កញ្ញា) នេះថា ជាតួលេខដ៏ខ្ពស់បំផុតនៃកំណត់ត្រាប្រចាំថ្ងៃក្នុងរយៈពេលថ្មីៗនេះ។

អាជ្ញាធរការពារជាតិរបស់កោះនេះបាននិយាយថា យន្តហោះទាំងនោះត្រូវបានរកឃើញនៅចន្លោះម៉ោង ៦ព្រឹកកាលពីថ្ងៃអាទិត្យ និងម៉ោង៦ព្រឹកថ្ងៃចន្ទនេះ (ម៉ោងក្នុងស្រុក) ដែលដូចជារាល់ដង យន្តហោះទាំងនោះហោះត្រឡប់ក្រោយវិញមុនពេលទៅដល់កោះតៃវ៉ាន់។

ប្រទេសចិន ដែលបានអះអាងសិទ្ធិលើកោះស្វ័យគ្រប់គ្រងតៃវ៉ាន់ថា ជាទឹកដីរបស់ខ្លួន បានធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំកាន់តែខ្លាំងឡើងនៅលើអាកាស និងដែនទឹកជុំវិញកោះតៃវ៉ាន់ ខណៈភាពតានតឹងបានកើនឡើងរវាងភាគីទាំងពីរ និងជាមួយសហរដ្ឋអាមេរិកផងដែរ។
អាជ្ញាធរការពារជាតិតៃវ៉ាន់បានហៅសកម្មភាពយោធាចិនេះថាជា «ការយាយី» ដែលខ្លួនបានព្រមានថា អាចបង្កើនភាពតានតឹងបន្ថែមទៀតនៅក្នុងស្ថានភាពដែលបានតានតឹងរួចទៅហើយបច្ចុប្បន្ននេះ។
កាលពីសប្តាហ៍មុន ប្រទេសចិនបានបញ្ជូននាវាជាច្រើនគ្រឿង រួមទាំងនាវាផ្ទុកយន្តហោះ សានតុង ចូលទៅក្នុងដែនទឹកក្បែរកោះតៃវ៉ាន់ ហើយសមយុទ្ធនេះបានកើតឡើងភ្លាមៗបន្ទាប់ពីសហរដ្ឋអាមេរិក និងកាណាដា បានបើកនាវាចម្បាំងឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ ដែលជាដែនទឹកបំបែកកោះនេះចេញពីប្រទេសចិនដីគោកផងដែរ៕