មេដឹកនាំបក្សប្រឆំាងធំ របស់ប្រទេសកូរ៉េខាងត្បូងបានចូលមន្ទីរពេទ្យនៅថ្ងៃចន្ទទី១៨ ខែកញ្ញានេះ ជាច្រើនថ្ងៃក្នុងការធ្វើកូដកម្មបង្អត់អាហារ ក្នុងការតវ៉ាប្រឆាំងគោលនយោបាយរបស់រដ្ឋាភិបាល ខណៈរដ្ឋអាជ្ញាស្វែងរកដីការចាប់ខ្លួនលោក ជុំវិញបទចោទប្រកាន់អំពើពុករលួយ។

លោក Lee Jae-myung មេដឹកនាំគណបក្សប្រជាធិបតេយ្យកូរ៉េ បានចាប់ផ្តើមតវ៉ាកាលពីថ្ងៃទី៣១ ខែសីហា ដោយលើកឡើងពី ការគ្រប់គ្រងមិនបានល្អសេដ្ឋកិច្ចរបស់រដ្ឋាភិបាល ការគំារមកំហែងចំពោះសេរីភាពប្រព័ន្ធផ្សព្វផ្សាយ និងការដែលមិនបានជំទាស់ចំពោះកាតបញ្ចេញទឹកសំណល់ពីរោងចក្រ Fukushima ក្នុងចំណោមហេតុផលផ្សេងទៀត។
គណបក្សរបស់លោក បាននិយាយថា អតីតបេក្ខជនប្រធានាធិបតីរូបនេះ ត្រូវបានផ្ទេរទៅកាន់មន្ទីរពេទ្យពីរដ្ឋសភាជាតិ ក្នុងទីក្រុងសេអ៊ូល នៅព្រឹកថ្ងៃចន្ទនេះ បន្ទាប់ពីខ្សោះជាតិទឹក និងវិលមុខ។ លោក Kim Gi-hyeon ប្រធានគណបក្សអំណាចប្រជាជន ដែលកំពុងកាន់អំណាច បានទទូចឲ្យលោក Lee បញ្ឈប់ការអត់អាហារ ដោយនិយាយថាលោកបានត្រៀមពិភាក្សាជាមួយមេដឹកនាំប្រឆាំងលើបញ្ហាគោលនយោបាយជាច្រើន។
ប៉ុន្មានម៉ោងបន្ទាប់ពីលោក Lee ត្រូវបានផ្ទេរទៅកាន់មន្ទីពេទ្យ ក្រុមរដ្ឋអាជ្ញា បាននិយាយថា ពួកគេបានស្នើសុំដីការចាប់ខ្លួនលោក ជាផ្នែកនៃការស៊ើបអង្កេតក្នុងគម្រោងអភិវឌ្ឍន៍និងបទចោទប្រកាន់ពីសំណូកសូកប៉ាន់។
