ឯកសារមួយដែលរៀបចំសម្រាប់មេដឹកនាំសហភាពអឺរ៉ុប បាននិយាយថា សហភាពអឺរ៉ុប អាចពឹងផ្អែកលើប្រទេសចិនសម្រាប់ ធុងអាគុយលីចូម-អ៊ីយ៉ុង និងប្រអប់ផ្ទុកថាមពលនៅឆ្នាំ២០៣០ ដូចដែលខ្លួនធ្លាប់ពឹងផ្អែកលើប្រទេសរុស្ស៊ីសម្រាប់ថាមពល មុនពេលសង្រ្គាមនៅអ៊ុយក្រែន ប្រសិនខ្លួនមិនចាត់វិធានការឲ្យបានខ្លាំងក្លាទេនោះ។

ឯកសារនេះទទួលបានដោយសារព័ត៌មានរ៉យទ័រ នឹងក្លាយជាមូលដ្ឋាននៃការពិភាក្សាអំពីសន្តិសុខសេដ្ឋកិច្ចរបស់អឺរ៉ុបក្នុងអំឡុងពេលកិច្ចប្រជុំរបស់មេដឹកនាំសហភាពអឺរ៉ុប នៅទីក្រុងហ្គ្រាណាដា( Granada)ក្នុងប្រទេសអេស្ប៉ាញ នៅថ្ងៃទី៥ ខែតុលា។
ដោយបារម្ភពីការអះអាងជាសកលនិងឥទ្ធិពលសេដ្ឋកិច្ចដែលកំពុងកើនឡើងរបស់ប្រទេសចិន ក្រុមមេដឹកនាំនេះ នឹងពិភាក្សាអំពីសំណើរបស់គណៈកម្មការអឺរ៉ុប ដើម្បីកាត់បន្ថយហានិភ័យ ដែលអឺរ៉ុបពឹងផ្អែកខ្លាំងពេកលើប្រទេសចិន និងតម្រូវការបង្វែរទៅទៅអាហ្វ្រិកនិងអាមេរិកឡាទីន។
ឯកសារនេះ បាននិយាយទៀតថា ដោយសារតែលក្ខខណ្ឌមិនទៀតទាត់នៃប្រភពថាមពលកកើតឡើងវិញ ដូចជាពន្លឺព្រះអាទិត្យ ឬខ្យល់ អឺរ៉ុប នឹងត្រូវការមធ្យោបាយ ដើម្បីស្តុកទុកថាមពល ដើម្បីឈានដល់គោលដៅនៃការបំភាយកាបូនឌីអុកស៊ីតសុទ្ធត្រឹមឆ្នាំ២០៥០។
