
កំពង់ស្ពឺ៖ ខេត្តកំពង់ស្ពឺរកឃើញប្រជាពលរដ្ឋ ៥៤នាក់ទៀតឆ្លងមេរោគកូវីដ-១៩ ដែលសុទ្ធតែពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ។
ក្នុងសេចក្ដីជូនដំណឹងនៅថ្ងៃនេះ រដ្ឋបាលខេត្តកំពង់ស្ពឺ បានបញ្ជាក់ថា ករណីឆ្លងថ្មីទាំង ៥៤នាក់នេះ ត្រូវបានរកឃើញលើពលរដ្ឋចំនួន ៣៤នាក់នៅស្រុកសំរោងទង ហើយបន្ទាប់មករកឃើញនៅស្រុកឧដុង្គចំនួន ១០នាក់ទៀត។
ចំណែកឯស្រុកគងពិសេស និងស្រុកភ្នំស្រួច រដ្ឋបាលខេត្តកំពង់ស្ពឺបញ្ជាក់ថា បានរកឃើញ ២នាក់បន្ថែមទៀតក្នុងស្រុកនីមួយៗ ហើយក្រុងច្បារមន និងស្រុកបសេដ្ឋ រកឃើញ ១នាក់ក្នុងភូមិសាស្ត្រនីមួយៗ។
ចំណែកឯ ៣ករណីទៀត រដ្ឋបាលខេត្តនេះបញ្ជាក់ថា ត្រូវបានរកឃើញលើពលរដ្ឋមកពីស្រុកកណ្ដាលស្ទឹង និងស្រុកអង្គស្នួល នៃខេត្តកណ្ដាល។
រដ្ឋបាលខេត្តកំពង់ស្ពឺឱ្យដឹងផងដែរថា អ្នកជំងឺកូវីដ-១៩ចំនួន ២នាក់ទៀត ត្រូវបានព្យាបាលជាសះស្បើយផងដែរ ដែលនាំឱ្យតួលេខអ្នកជាសះស្បើយសរុបឡើងដល់ ១៧៨នាក់ហើយគិតត្រឹមថ្ងៃនេះ។
សម្រាប់ខេត្តកំពង់ស្ពឺទាំងមូល គិតត្រឹមថ្ងៃនេះ បានរកឃើញមនុស្សសរុប ៦៥៤នាក់ហើយឆ្លងមេរោគកូវីដ-១៩ ក្នុងនោះអ្នកជំងឺ ១២នាក់បានស្លាប់ ហើយអ្នកជំងឺ ៤៦១នាក់ទៀត កំពុងស្ថិតក្រោមការព្យាបាលបន្ត៕