ប៉ូឡូញ ៖ ប្រទេសប៉ូឡូញ បានចាប់ផ្តើមអនុវត្តការហាមប្រាមរបស់សហភាពអឺរ៉ុបកាលពីថ្ងៃអាទិត្យលើរថយន្តដឹកអ្នកដំណើរដែលចុះបញ្ជីនៅប្រទេសរុស្ស៊ីទាំងអស់ ដែលកំពុងស្វែងរកចូលប្រទេសនេះ ដែលជាទណ្ឌកម្មចុងក្រោយបង្អស់លើប្រទេសរុស្ស៊ីក្នុងការដាក់ទណ្ឌកម្មចំពោះសង្គ្រាមរបស់ខ្លួនប្រឆាំងនឹងអ៊ុយក្រែន។
នៅក្រោមការសម្រេចចិត្តរបស់សហភាពអឺរ៉ុប យានយន្តដែលបានចុះបញ្ជីនៅសហព័ន្ធរុស្ស៊ី មិនត្រូវបានអនុញ្ញាតឲ្យចូលទៅក្នុងទឹកដីនៃប្លុកដែលមានសមាជិក២៧ប្រទេសនេះទៀតទេ។
រដ្ឋមន្ត្រីមហាផ្ទៃប៉ូឡូញលោក ម៉ារីអ៊ូស កាមីនស្គី ( Mariusz Kaminski) បានថ្លែងកាលពីថ្ងៃសៅរ៍ថា «រថយន្តដែលបានចុះបញ្ជីនៅក្នុងប្រទេសរុស្ស៊ី មិនមានសិទ្ធិចូលប្រទេសប៉ូឡូញទេ» ដោយបានប្រកាសពីការហាមឃាត់ដែលបានចូលជាធរមានជាច្រើនម៉ោងក្រោយមក នៅពាក់កណ្តាលអធ្រាត្រ។
លោកកាមីនស្គី បាននិយាយថា៖«នេះគឺជាធាតុផ្សំមួយទៀតនៃទណ្ឌកម្មដែលដាក់លើប្រទេសរុស្ស៊ី និងពលរដ្ឋរបស់ខ្លួន ពាក់ព័ន្ធនឹងសង្គ្រាមដ៏ឃោរឃៅក្នុងប្រទេសអ៊ុយក្រែន ដោយសារតែរដ្ឋរុស្ស៊ីសព្វថ្ងៃបង្ក ការគំរាមកំហែងដល់សន្តិសុខអន្តរជាតិ»។

