ចិន ៖ នៅថ្ងៃចន្ទ (១៨ កញ្ញា) នេះ ប្រមុខការទូតរបស់ចិន លោក វ៉ាង យី បានចាប់ផ្តើមដំណើរទស្សនកិច្ចរយៈពេល៤ថ្ងៃទៅកាន់ប្រទេសរុស្ស៊ី ក្នុងអំឡុងពេលដែលប្រទេសទាំងពីរត្រូវបានគេរំពឹងថា នឹងសន្យាថាផ្តល់ទំនុកចិត្តដល់គ្នាទៅវិញទៅមកខាងនយោបាយកាន់តែស៊ីជម្រៅ ដោយត្រៀមខ្លួនសម្រាប់ដំណើរទស្សនកិច្ចដ៏សំខាន់ដែលអាចកើតមានឡើង ដោយប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀ ពូទីន ទៅកាន់ទីក្រុងប៉េកាំងក្នុងខែតុលា ខាងមុខនេះផងដែរ។
លោក វ៉ាង ដែលជាប្រមុខក្រសួងការបរទេស ក៏ដូចជាការិយាល័យកិច្ចការបរទេសរបស់បក្សកុម្មុយនិស្តដែលកំពុងកាន់អំណាច ត្រូវបានគេរំពឹងថា នឹងរៀបចំការងារត្រៀមសម្រាប់ដំណើរទស្សនកិច្ចរបស់លោក ពូទីន ទៅកាន់រដ្ឋធានីរបស់ប្រទេសចិន សម្រាប់វេទិកាខ្សែក្រវ៉ាត់ និងផ្លូវលើកទីបី បន្ទាប់ពីការអញ្ជើញរបស់ប្រធានាធិបតីចិន លោក ស៊ី ជីនពីង ក្នុងអំឡុងពេលទស្សនកិច្ចដ៏ខ្ពង់ខ្ពស់នៅទីក្រុងមូស្គូ កាលពីខែមីនា។
លោកពូទីន បានចូលរួមវេទិកាខ្សែក្រវាត់ និងផ្លូវ ចំនួនពីរលើកដំបូងរបស់ប្រទេសចិនក្នុងឆ្នាំ២០១៧ និងឆ្នាំ២០១៩ ប៉ុន្តែលោកមិនត្រូវបានគេដឹងថា បានធ្វើដំណើរទៅក្រៅប្រទេសទេ ចាប់តាំងពីតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) បានចេញដីកាចាប់ខ្លួនលោក ក្រោមហេតុផលនៃការនិរទេសកុមាររាប់រយនាក់ចេញពីប្រទេសអ៊ុយក្រែនដោយខុសច្បាប់មក។
កាលពីថ្ងៃទី១ ខែកញ្ញា លោក ពូទីន បាននិយាយថា លោករំពឹងថានឹងជួបលោក ស៊ី ក្នុងពេលឆាប់ៗនេះ ប៉ុន្តែមិនបានបញ្ជាក់ច្បាស់ថា លោកនឹងធ្វើដំណើរទៅកាន់ប្រទេសចិនម្តងទៀត ឬក៏យ៉ាងណានោះទេ៕

