ព្រះវិហារ៖ អេស្កាមួយគ្រឿង កាយដីប្រជាពលរដ្ឋមិនជូនដំណឹងប្រាប់ម្ចាស់ដី ត្រូវបានម្ចាស់ដីចាប់ប្រគល់ឱ្យសមត្ថកិច្ចយកមករក្សាទុក ដើម្បីរងចាំការដោះស្រាយទៅតាមផ្លូវច្បាប់ ។
គួរម្លឹកថា ករណីនេះបានកើតឡើងកាលពីថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៣ កន្លងមក នៅចំណុចដីឈ្មោះលោកស្រី ឡេង ធារ៉ា រស់នៅភូមិជាំក្សាន ឃុំជាំក្សាន្ត ស្រុកជាំក្សាន ខេត្តព្រះវិហារ ចំណែកម្ចាស់គ្រឿងចក្រឈ្មោះ ចែ ណៃ កាយយកដីសម្រាប់ធ្វើផ្លូវរបស់ក្រុមហ៊ុន ជីវ គឺមឡុង ។
ក្រោយពីករណីនេះកើតឡើងលោក អ៊ុង វុទ្ធី អភិបាលរងខេត្តព្រះវិហារទទួលបន្ទុកដោះស្រាយទំនាស់ដីធ្លី បានអញ្ជើញភាគីទាំងពាក់ព័ន្ធទៅប្រជុំដោះស្រាយក្រោមការសម្របសម្រួលពីព្រះរាជអាជ្ញារងលោក គឹម សំលេង កាលពីថ្ងៃទី១៥ ខែកញ្ញាកន្លងមកនេះ ជាលទ្ធផលមិនត្រូវរ៉ូវគ្នា ដោយភាគីលោកស្រី ឡេង ធារ៉ា ជាម្ចាស់ដីទាមទារសំណង៤០លានរៀល ចំណែកតំណាងក្រុមហ៊ុនមិនព្រមសង ។
លោក អ៊ុង វុទ្ធី អភិបាលរងខេត្តព្រះវិហារ បានឱ្យដឹងថា ប្រជុំសម្របសម្រួលដោះស្រាយមិនត្រូវគ្នាមានតែបញ្ជូនទៅតុលាការដោះស្រាយបន្ត ទៅតាមផ្លូវច្បាប់ ។
ពាក់ព័ន្ធករណីនេះ លោកស្រី ឡេង ធារ៉ា ម្ចាស់ដីបានដាក់ពាក្យបណ្តឹងម្ចាស់គ្រឿងចក្រឈ្មោះ ចែ ណៃ ទៅតុលាការរួចហើយទាមទារសំណង៨០លានរៀល ដោយលោកស្រី ឡេង ធារ៉ា ជាម្ចាស់ដីអះអាងថា ម្ចាស់គ្រឿងចក្រឈ្មោះ ចែ ណៃ បានលួចកាយរបស់គាត់ម្ដងជាពីរម្ដងទើបរូបគាត់សម្រេចដាក់ពាក្យបណ្ដឹងទៅតុលាការដោះស្រាយតាមផ្លូវច្បាប់ ។
យោងតាមពាក្យបណ្ដឹងរបស់លោកស្រី ឡេង ធារ៉ា សុំប្តឹងឈ្មោះ ចែ ណៃ និងបក្សពួកពីបទ៖ ធ្វើឱ្យខូចខាតដោយចេតនា ដែលបានប្រព្រឹនៅភូមិទឹកក្រហម ឃុំទឹកក្រហម ស្រុកជាំក្សន្ដ ខេត្តព្រះវិហារ កាលពីថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ ២០២៣កន្លងមក។
ករណីនេះឈ្មោះ ចែ ណៃ ម្ចាស់គ្រឿងចក្រដែលរងការចោទប្រកាន់ថា បានយកគ្រឿងចក្រទៅកាយដីកម្មសិទ្ធិរបស់លោកស្រី ឡេង ធារ៉ា នោះមិនអាចទាក់ទងសុំការបំភ្លឺបានទេ នៅរសៀលថ្ងៃទី១៨ ខែកញ្ញានេះ៕








