ការប្រកួតវាយកូនបាល់តំណាងប្រទេស Davis Cup រកបានក្រុមឡើងវគ្គ ៨ ក្រុមចុងក្រោយហើយ។
គូដំបូងនេះនៅក្នុងពូល B អង់គ្លេសបានយកឈ្នះការប្រកួតប្រផិតផើយលើបារាំងនៅទីក្រុង Manchester ដើម្បីឡើងវគ្គញបន្ត ពោលគឺក្រុមទាំងពីរស្មើគ្នា ២ ប្រកួតដំបូងតាមរយៈជ័យជំនះរបស់ Dan Evans លើ Arthur Fils តែ Cameron Norrie ក៏ចាញ់កីឡាករបារាំង Ugo Humbert។

ប្រកួតកាត់សេចក្តីវាយគូ Dan Evans ចាប់ដៃគូជាមួយ Neal Skupski សង្គ្រោះពិន្ទុ Match-Point បួនលើករបស់បារាំងរហូតយកឈ្នះវិញ ១-៦ ៧-៦(៧-៤) និង ៧-៦(៨-៦) ដើម្បីឡើងវគ្គ ៨ ក្រុមចុងក្រោយជាមួយអូស្រ្តាលីដែលឈរលេខ ២ ក្នុងពូលក្រោយយកឈ្នះស្វ៊ីស ៣-០។
អង់គ្លេសដែលឈ្នះជើងឯក Davis Cup ចុងក្រោយបំផុតនៅឆ្នាំ ២០១៥ គឺជាក្រុមលេខ ១ ក្នុងពូលត្រូវជួបជាមួយស៊ែប រឺអ៊ីតាលីដែលនឹងចាប់ឆ្នោតនៅថ្ងៃអង្គារស្អែកនេះ។

អូស្រ្តាលីគឺជាក្រុមលេខ ២ ក្នុងពូលឡើងជុំបន្តរួមជាមួយក្រុមការពារតំណែងជើងឯក កាណាដា ឆេក ហ្វាំងឡង់ និងហូឡង់ ដែលសុទ្ធតែកក់កៅអីនៅវគ្គបន្ត។
អវត្តមានគួរកត់សំគាល់នៅវគ្គ ៨ ក្រុមចុងក្រោយ Davis Cup ឆ្នាំនេះគឺម្ចាស់ផ្ទះអេស្ប៉ាញ ដែលឆ្លងមិនផុតវគ្កចែកពូល ខណៈក្រុមជើងឯក ៣២ លើកអាមេរិកក៏ធ្លាក់ដែរក្រោយចាញ់ហ្វាំងឡង់ប្រកួតចុងក្រោយក្នុងពូល។
Davis Cup ជុំ ៨ ក្រុមផ្តាច់ព្រ័ត្រនឹងធ្វើឡើងនៅទីក្រុង Malaga ប្រទេសអេស្ប៉ាញនៅខែវិច្ឆិកាខាងមុខ៕ អត្ថបទ៖នាង សុភាវុធ

