ភ្នំពេញ៖ អ្នកនាំចេញផ្លែមៀនស្រស់ រំពឹងថា ការនាំចេញផ្លែមៀនរបស់កម្ពុជាទៅកាន់ទីផ្សារចិន និងអាចជួយដល់ស្ថិរភាពតម្លៃ, ការរក្សាកំណើននៃការនាំចេញ,ការលើកទឹកចិត្តដល់កសិករអ្នកដាំដុះ និងការលើកកម្ពស់ផលិតភាពភាពនៃការនាំចេញកសិផលរបស់កម្ពុជាផងដែរ។
លោកស្រី ច្រាន់ ប៉ុន្នី អគ្គនាយិការក្រុមហ៊ុន Season Fresh ដែលនាំចេញផ្លែមៀនស្រស់របស់កម្ពុជា ទៅកាន់ទីផ្សារចិន លើកឡើងក្នុងកិច្ចសម្ភាសន៍ជាមួយសារព័ត៌មានស្តីពីការដាំដុះ និងការនាំចេញផ្លែមៀនស្រស់របស់កម្ពុជាថា ទីផ្សាររបស់កម្ពុជាពីមុន ភាគច្រើននាំចេញទៅកាន់ទីផ្សារប្រទេសថៃ ហើយក្នុងនោះថៃ និងធ្វើការនាំចេញទៅកាន់ប្រទេសទី៣ជាបន្តទៀត ដែលការនំាចេញរបៀបនេះ ធ្វើឲ្យកសិករច្រើនជួបបញ្ហាទីផ្សារ លើការលក់កសិផលរបស់ពួកគាត់។
លោកស្រី បន្តថា បន្ទាប់ពីកម្ពុជាបានសិទ្ធនាំចេញទៅកាន់ប្រទេសចិនផ្ទាល់ តាមរយៈនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន ឃើញថា កំណើននៃការនាំចេញផ្លែមៀនរបស់កម្ពុជាបានហក់ឡើងគួឲ្យកត់សម្គាល់ ដោយតាមរយៈនៃទីផ្សារនាំចេញនេះ និងអាចជួយដល់ស្ថិរភាពតម្លៃ, លើកទឹកចិត្តដល់កសិករដាំដុះ និងការលើកកម្ពស់ផលិតភាពភាពនៃការនាំចេញកសិផលរបស់កម្ពុជា ខណៈដែលប្រជាជនចិនៅភាគច្រើននិយមទទួលទានផ្លែមៀន។
ពាក់ព័ន្ធការនាំចេញផ្លៃមៀននេះដែរ, ឧកញ៉ាបណ្ឌិត ឈិន កេន អ្នកសម្របសម្រួលទីផ្សារនាំចេញ និងជាតំណាង Alibaba នៅកម្ពុជា លើកឡើងថា តាមរយៈនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន បានធ្វើឲ្យទំនិញរបស់កម្ពុជា ជាពិសេសការនាំចេញកសិផលរបស់កម្ពុជា បានហូរចូលទៅកាន់ទីផ្សារចិនជាបន្តបន្ទាប់ ជាក់ស្តែងការនាំចេញផ្លែមៀនស្រស់នេះជាដើម ខណៈបច្ចុប្បន្នកសិផលទាំងនេះ ត្រូវបានឈ្មួញកណ្តាល និងប្រជាជនចិនគាំទ្រយ៉ាងខ្លាំង។
របាយការណ៍របស់អគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបង្ហាញឲ្យដឹងថា នៅក្នុងរយៈពេល ៨ខែ ឆ្នាំ ២០២៣ នេះ កម្ពុជាបាននាំចេញកសិផលមានបរិមាណសរុបជាង ៥ លានតោន មានទំហំទឹកប្រាក់ប្រមាណជិត ៣ ពាន់លានដុល្លារអាមេរិក ក្នុងនោះសម្រាប់ការនាំចេញផ្លែមៀនស្រស់របស់កម្ពុជាទៅកាន់ទីផ្សារចិន មានចំនួនជាង ៨ ពាន់តោន កើនឡើងប្រមាណជិត ៤ ពាន់ភាគរយ នេះជាកំណើនមួយមិនធ្លាប់មានពីមុនមក៕អត្ថបទ៖ សុន រ៉ាឌី