
ជប៉ុនសង្ឃឹមថានឹងដើរតាមគន្លងចាស់របស់ឥណ្ឌា ក្នុងការចុះចតលើផ្ទៃមុខនៃឋានព្រះច័ន្ទដោយជោគជ័យនាដើមឆ្នាំក្រោយនេះ ហើយនិងជួយឲ្យពួកគេសម្រេចគោលដៅជាមួយនឹងយានរុករកមានរូបរាងដូចកូនបាល់វាយតេននីស ដែលនឹងផ្តល់ឲ្យពួកគេនូវថាមពលតែមួយដូចរូបយន្ត BB-8 នៅក្នុងខ្សែភាពយន្តសង្រ្គាមផ្កាយ ។
យានអង្កេត SLIM របស់ទីភ្នាក់ងារអវកាសជប៉ុន JAXA បានបាញ់ចូលទៅកាន់ទីអវកាសកាលពីសប្តាហ៍មុន ដោយសណ្តោងទៅជាមួយរូបយន្តចម្លែក Lunar Excursion Vehicle 2 (LEV-2) ។
ទីភ្នាក់ងារអវកាសជប៉ុន បានចាប់ដៃគូជាមួយក្រុមហ៊ុនផលិតសម្ភារៈក្មេងលេង TOMY និងសាកលវិទ្យាល័យ Doshisha ដើម្បីរចនាយានរុករកនេះឡើង ។
ដោយឡែក ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្ស Sony របស់ជប៉ុន ជាអ្នកបង្កើតបន្ទះគ្រប់គ្រង និងធ្វើឲ្យស្ថិរភាពកាមេរ៉ា ស្ថិតនៅចន្លោះជើងពាក់កណ្តាលស្វ៊ែរទាំង ២របស់វា ។
ប៉ុន្តែមុនពេលដែលយានរុករក LEV-2 អាចរុករកឋានព្រះច័ន្ទបាន ទីភ្នាក់ងារ JAXA មាននូវការងារដ៏លំបាកមួយក្នុងការបញ្ជូនយានអង្កេត SLIM ចូលទៅក្នុងគន្លងព្រះច័ន្ទ ហើយនិងធ្វើការចុះចត គឺជាដំណើរមួយដែលមានប្រទេសកាន់តែច្រើន ពុំអាចសម្រេចបានជោគជ័យក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ៕