ភ្នំពេញ៖ លោក ឡោ ប៊ុណ្ណា នាយកវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្ម (កាឌី CARDI) បានឱ្យដឹងថា កាឌី គ្រោងផ្ដល់ពូជស្រូវប្រភេទចំប៉ីស៧០ ទៅឱ្យមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ទូទាំងប្រទេស នៅចុងឆ្នាំនេះ ដើម្បីផលិតពូជឱ្យបានច្រើន ហើយចែកចាយបន្តទៅកសិករ ព្រោះស្រូវប្រភេទនេះ មានតម្លៃខ្ពស់ ធន់នឹងអាកាសធាតុផង ។
ក្នុងកិច្ចសម្ភាសជាមួយBTV នៅថ្ងៃទី១៨ ខែកញ្ញា នេះ នាយកវិទ្យាស្ថានកាឌី បានឱ្យដឹងថា ស្រូវ ចំប៉ីស៧០ គឺត្រូវបានផលិតឡើង តាមរយៈការបង្កាត់រវាងពូជស្រូវផ្ការំដួល និងស្រូវប្រភេទផ្សេង ដែលមិនប្រកាន់រដូវ ហើយបើកសិករធ្វើស្រូវពង្រោះ អាចប្រមូលផលក្នុងរង្វង់៩០ថ្ងៃ ហើយបើសន្ទូង អាចប្រមូល ផលក្នុងរង្វង់៩៧ទៅ១០០ថ្ងៃ ។
លោកនាយក បានបន្តថា ដោយសារពូជស្រូវប្រភេទនេះ មានតម្លៃខ្ពស់ និងកំពុងមានការបញ្ជា ទិញពីក្រុមហ៊ុននានា ទើបនៅចុងឆ្នាំនេះ វិទ្យាស្ថានកាឌី នឹងចែកចាយស្រូវចំប៉ីស៧០ ប្រមាណ ២តោន ជា ជំហានដំបូង ទៅឱ្យបណ្ដាខេត្ត ដើម្បីផលិតឱ្យបានច្រើន និងដើម្បីចែកចាយបន្ត ។
លោក ឡោ ប៊ុណ្ណា បានបន្ថែមថា បច្ចុប្បន្ន កាឌី ក៏កំពុងខិតខំបង្កើតពូជស្រូវ ដែលធន់នឹងធាតុអាកាស ពិសេសអាចទប់នឹងកូនរដូវប្រាំង ដែលតែងតែកើតឡើង នៅអំឡុងខែកក្កដា និងសីហា ដែលរហូត មកដល់ពេលនេះ វិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្ម ផលិតពូជស្រូវបានជិត៥០ប្រភេទហើយ ដោយស្រូវប្រភេទខ្លះ ផលិតបានជាអង្ករ យកទៅប្រកួតប្រជែងនៅថ្នាក់អន្តរជាតិ ជាប់ចំណាត់ថ្នាក់លេខ១ ជាច្រើនដងផងដែរ ។
លោក បានបញ្ជាក់ថា កាលពីឆ្នាំ២០១៩ កាឌី ក៏បានបញ្ចេញពូជស្រូវប្រភេទសែនក្រអូប០១ ដែល មានទីផ្សារល្អ ហើយបើកសិករបង្កបង្កើតផលដោយអនុវត្តតាមលក្ខណៈបច្ចេកទេសបានល្អ អាចទទួល បានទិន្នផលដល់ប្រមាណ១០តោនក្នុងមួយហិកតា ដែលអាចកាត់បន្ថយការចំណាយលើការងារផលិត ផងដែរ ៕អត្ថបទ៖ បាន សុខរិទ្ធិ