
ប្រធានាធិបតីទួរគី លោក Recep Tayyip Erdogan បានស្នើឲ្យនាយកប្រតិបត្តិក្រុមហ៊ុន Tesla (TSLA.O) លោក Elon Musk សាងសង់រោងចក្រផលិតរថយន្ត Tesla នៅក្នុងប្រទេសរបស់លោក។ នេះបើតាមប្រសាសន៍របស់នាយកផ្នែកទំនាក់ទំនងរបស់ប្រទេសនេះ នៅថ្ងៃចន្ទ (ទី១៨ ខែកញ្ញា) នេះ។
នេះជាការលើកឡើងដោយដកស្រង់សម្ដីលោក Musk ដែលនិយាយថា អ្នកផ្គត់ផ្គង់របស់ទួរគីជាច្រើនកំពុងធ្វើការជាមួយក្រុមហ៊ុន Tesla ហើយថា ទួរគីគឺជាទីតាំងដ៏សំខាន់បំផុត សម្រាប់ការសាងសង់រោងចក្របន្ទាប់របស់ខ្លួន។ តែយ៉ាងណាក្ដី ក្រុមហ៊ុន Tesla មិនបានឆ្លើយតបភ្លាមៗនោះឡើយ ចំពោះសំណើសុំការអត្ថាធិប្បាយ។
ទីភ្នាក់ងារសារព័ត៌មានរដ្ឋ Anadolu របស់ប្រទេសទួរគី បានរាយការណ៍ថា លោក Erdogan និងលោក Musk បានជជែកគ្នាអំឡុងកិច្ចប្រជុំមួយនៅឯវិមានរបស់រដ្ឋាភិបាលទួរគី ដែលជាអគារខ្ពស់មួយនៅជិតអង្គការសហប្រជាជាតិ ក្នុងទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។ លោក Erdogan កំពុងស្ថិតនៅសហរដ្ឋអាមេរិក ដើម្បីចូលរួមសម័យប្រជុំលើកទី៧៨ នៃមហាសន្និបាតអង្គការសហប្រជាជាតិ។
លោកនាយកផ្នែកទំនាក់ទំនងបានបន្ថែមថា លោក Erdogan ក៏បាននិយាយក្នុងជំនួបនោះដែរថា ប្រទេសទួរគីបើកចំហជានិច្ច ចំពោះកិច្ចសហប្រតិបត្តិការជាមួយលោក Musk លើវិស័យបញ្ញាសិប្បនិមិត្ត និង Starlink ដែលជាក្រុមហ៊ុនបណ្តាក់ទុនលើអ៊ិនធឺណេតផ្កាយរណបរបស់ក្រុមហ៊ុន SpaceX។
ហើយលើសពីនោះទៀត ក៏មានការបញ្ជាក់បន្ថែមទៀតថា លោក Erdogan បានអញ្ជើញលោក Musk ឲ្យចូលរួមពិធីបុណ្យអវកាស និងបច្ចេកវិទ្យារបស់ប្រទេសទួរគី Teknofest នៅទីក្រុង Izmir នាចុងខែកញ្ញានេះ ហើយមានការស្រង់សម្ដីរបស់លោក Musk ដែលបាននិយាយថា លោករីករាយនឹងចូលរួម៕