
សមាជិកព្រឹទ្ធសភា ៤រូបមកពីគណបក្សសាធារណរដ្ឋ បានអំពាវនាវឲ្យប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joseph Biden ផ្គត់ផ្គង់ជាបន្ទាន់មីស៊ីលរយៈចម្ងាយឆ្ងាយ ATACMS ទៅកាន់ប្រទេសអ៊ុយក្រែន ។
សេចក្តីថ្លែងការណ៍របស់សមាជិកព្រឹទ្ធសភា បានកត់សំគាល់ឃើញថា ការផ្តល់មីស៊ីល ATACMS នឹងធ្វើឲ្យអ៊ុយក្រែន អាចវាយប្រហារលើទីតាំងទំនាក់ទំនង និងភស្តុភាររបស់រុស្ស៊ី ។
សេចក្តីថ្លែងការណ៍នោះបន្តថា មីស៊ីល ATACMS មានបំពាក់ក្បាលគ្រាប់ គួរតែបញ្ជូនទៅកាន់អ៊ុយក្រែន ដោយពុំចាំបាច់ពន្យាពេល ។ ការវាយប្រហារកាលពីពេលថ្មីៗរបស់អ៊ុយក្រែនលើកំពង់ផែកងទ័ពជើងទឹក Sevastopol ដោយប្រើប្រាស់អាវុធរយៈចម្ងាយឆ្ងាយ British Storm Shadow បញ្ជាក់ពីប្រសិទ្ធិភាពនៅលើសមរភូមិប្រយុទ្ធរបស់អាវុធបែបនេះ ។
ពួកគេបន្តថា ការផ្តល់មីស៊ីលដល់អ៊ុយក្រែន នឹងរក្សាកម្រិតអតិបរមានៃជោគជ័យក្នុងការវាយបកកាលពីពេលថ្មីៗរបស់ពួកគេ ហើយនិងការចុះប្រតិបត្តិការបន្ថែមទៀត ។ មីស៊ីល ATACMS នឹងពង្រឹងសមត្ថភាពអ៊ុយក្រែន ក្នុងការកម្ទេចប្រព័ន្ធការពាររបស់រុស្ស៊ី ។
សូមបញ្ជាក់ថា សហរដ្ឋអាមេរិក និងអាល្លឺម៉ង់ កំពុងពិភាក្សាលើការបញ្ជូនមីស៊ីលរយៈចម្ងាយឆ្ងាយ ATACMS និង Taurus ទៅកាន់អ៊ុយក្រែន ។ រដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិក លោក Antony Blinken បានសង្កត់ធ្ងន់ថា វាអាស្រ័យលើកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែនថាតើពួកគេត្រូវសម្រេចចិត្តបែបណាក្នុងការប្រើប្រាស់មីស៊ីលសហរដ្ឋអាមេរិក ៕