ភ្នំពេញ ៖ ភាគីសហជីពបានកំណត់តួលេខ២ផ្សេងគ្នា គឺចំនួន ២០៤ដុល្លារ និង២១៣ដុល្លារ ដើម្បីស្នើសុំតម្លើងប្រាក់ឈ្នួលអប្បបរមាកម្មករនិយោជិតសម្រាប់ឆ្នាំ២០២៤ ខណៈភាគីនិយោជកកំណត់ ២០១,៥ដុល្លារ និងភាគីរដ្ឋាភិបាល បានបង្ហាញតួលេខចំនួន ២០២ដុល្លារ។
លោក គឹម ចាន់សំណាង ប្រធានសហភាពសិទ្ធិកម្មករកម្ពុជា បានថ្លែងក្រោយកិច្ចប្រជុំនៅរសៀលថ្ងៃទី១៨ ខែកញ្ញានេះថា តួលេខចំនួន២ផ្សេងគ្នារបស់សហជីព ដោយសារតែសហជីពទាំងនេះមកពីតំណាងភាគីកម្មករផ្សេងៗគ្នា ហើយក៏មានទឡ្ហីករណ៍ផ្សេងៗគ្នាដែរ។ ប៉ុន្ដែភាគីសហជីពស្ថិតនៅលើគោលការណ៍ដូចគ្នា ដោយដាក់ស្នើតួលេខមិនឱ្យលើសពីការប្រកួតប្រជែង ហើយសហជីពធ្វើការដើម្បីកម្មករពិតប្រាកដតែមួយដូចគ្នា។
ឧកញ៉ាបណ្ឌិត ណាង សុធី អនុប្រធានសហព័ន្ធនិយោជក និងសមាគមពាណិជ្ជកម្មកម្ពុជា មានប្រសាសន៍ថា តាមបទពិសោធន៍ជាង២០ឆ្នាំនៃការចរចាប្រាក់ឈ្នួលអប្បបរមា ខាងភាគីសហជីពបានទទួលជ័យជម្នះលើតួលេខដែលបានស្នើនោះទេ ព្រោះទាំងនិយោជក និងខាងរដ្ឋាភិបាល តែងតែពិចារណាលើតួលេខច្បាស់លាស់មួយ មុននឹងសម្រេច ព្រោះទិន្នន័យនៃអាជីវកម្ម។
ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈមានប្រសាសន៍ថា នៅថ្ងៃទី ២៨ ខែកញ្ញា ខាងមុខនេះ ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមានឹងជួបប្រជុំគ្នាថែមទៀតដោយភាគីនីមួយៗនឹងបញ្ជាក់គោលជំហររបស់ខ្លួនម្តងទៀត ហើយប្រសិនបើគោលជំហរខុសគ្នាទៀតនោះនឹងមានការបោះឆ្នោតសម្រេចយកតួលេខណាមួយដើម្បីសម្រេចកំណត់ប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិយោជិតឆ្នាំ២០២៤តែម្តង៕ អត្ថបទ ៖ ឈិត បូរ៉ាវី




