បញ្ជីការងារដែលត្រូវធ្វើនៃគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ដែលបានកំណត់ក្នុងឆ្នាំ២០១៥ ហាក់ដូចជាកំពុងស្ថិតនៅក្នុងគ្រោះថ្នាក់ នេះបើយោងតាមកិច្ចប្រជុំរបស់បណ្ដាមេដឹកនាំពិភពលោក នៅអង្គការសហប្រជាជាតិក្នុងសប្តាហ៍នេះ។
សេចក្តីថ្លែងការណ៍របស់បណ្ដាមេដឹកនាំទាំងនោះ ដែលអនុម័តដោយឯកច្ឆន្ទនៅក្នុងកិច្ចប្រជុំកំពូលមួយ មុនពេលមហាសន្និបាតប្រចាំឆ្នាំរបស់អង្គការសហប្រជាជាតិ បានព្រមានថា ប្រសិនបើមិនមានវិធានការបន្ទាន់ណាមួយទេ ពិភពលោកអាចនឹងប្រឈមមុខនឹងផលវិបាកយ៉ាងធ្ងន់ធ្ងរក្នុងពេលឆាប់ៗនេះ។
បញ្ជីនៃគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពចំនួន១៧ចំណុច ត្រូវបានបង្កើតឡើងដើម្បីលុបបំបាត់ភាពអត់ឃ្លាន និងភាពក្រីក្រខ្លាំង ព្រមទាំងការប្រយុទ្ធនឹងបម្រែបម្រួលអាកាសធាតុនៅត្រឹមឆ្នាំ២០៣០។
អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានប្រាប់កិច្ចប្រជុំកំពូលនៃបណ្ដាមេដឹកនាំថា មានតែតួលេខគោលដៅចំនួន១៥%ប៉ុណ្ណោះដែលកំពុងដំណើរការ ហើយមានចំណុចជាច្រើនកំពុងដំណើរការបញ្ច្រាស។
កាលពីដើមខែនេះ លោក Guterres បានអំពាវនាវឱ្យមេដឹកនាំក្រុមប្រទេសទាំង២០ (G20) ធានានូវថវិកាជំរុញយ៉ាងតិច៥០០ពាន់លានដុល្លារក្នុងមួយឆ្នាំ ដើម្បីឆ្ពោះទៅរកគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDG)។
យោងតាមរបាយការណ៍កាលពីឆ្នាំមុនបានឲ្យដឹងថា ការចំណាយលើការសម្រេចគោលដៅសកលបានកើនឡើង២៥% ដល់ចំនួន១៧៦សែនកោដិ៍ដុល្លារក្នុងឆ្នាំ ដែលបានបញ្ចប់ក្នុងខែកញ្ញា ឆ្នាំ២០២២ ជាមួយនឹងការអនុវត្តលើវិធានការបញ្ច្រាសខុសពីគោលដៅជាច្រើនផងដែរ៕


