ភ្នំពេញ៖ ក្រសួងសុខាភិបាលបានប្រកាសនៅថ្ងៃនេះថា មនុស្ស ៥៨៨នាក់ទៀត ត្រូវបានរកឃើញឆ្លងមេរោគកូវីដ-១៩ ហើយអ្នកជំងឺកូវីដ-១៩ចំនួន ៤១៥នាក់ទៀត ត្រូវបានព្យាបាលជាសះស្បើយ។
ក្នុងសេចក្ដីប្រកាសព័ត៌មាននៅថ្ងៃនេះ ក្រសួងសុខាភិបាលបញ្ជាក់ថា ករណីឆ្លងថ្មីដល់ទៅ ៥៦៨នាក់ សុទ្ធតែពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ហើយ ២០នាក់ទៀត គឺជាករណីនាំចូល។
គិតត្រឹមថ្ងៃនេះ កម្ពុជាបានរកឃើញមនុស្សសរុប ២៨ ៨២៥នាក់ហើយ ឆ្លងមេរោគកូវីដ-១៩នៅទូទាំងប្រទេសចាប់តាំងពីកម្ពុជារកឃើញករណីឆ្លងលើកដំបូងកាលពីចុងខែមករា ឆ្នាំ២០២០កន្លងមក។
ក្រសួងសុខាភិបាលក៏បានប្រកាសផងដែរថា មនុស្ស ៧នាក់បន្ថែមទៀត បានស្លាប់បាត់បង់ជីវិតដោយសារជំងឺកូវីដ-១៩ ដែលនាំឱ្យតួលេខអ្នកស្លាប់សរុបឡើងដល់ ២០៣នាក់ហើយគិតចាប់តាំងពីពេលកម្ពុជាបានប្រកាសពីករណីស្លាប់ដោយសារជំងឺកូវីដ-១៩ជាលើកដំបូងកាលពីថ្ងៃទី១១ ខែមីនាកន្លងមក។
បើតាមក្រសួងសុខាភិបាល អ្នកជំងឺកូវីដ-១៩សរុប ២១ ៣១៥នាក់ហើយ ត្រូវបានព្យាបាលជាសះស្បើយ ក្នុងនោះមានទាំងអ្នកជាសះស្បើយ ៤១៥នាក់ទៀត ដែលក្រសួងប្រកាសនៅថ្ងៃនេះផងដែរ៕