តាកែវ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រាប់ទៅក្រុមអ្នកវិភាគមួយក្តាប់តូច ដែលបាននិយាយថា កម្ពុជា មានការស្និទ្ធស្នាលជាមួយចិន នឹងធ្វើឲ្យកម្ពុជាបាត់បង់អធិបតេយ្យភាពរបស់ខ្លួននោះ «កុំបាច់ព្រួយបារម្ភអី» ព្រោះរាជរដ្ឋាភិបាលចេះគិតហើយ ខណៈរាជរដ្ឋាភិបាលបច្ចុប្បន្នមានគោលជំហរដូចរាជរដ្ឋាភិបាលមុនៗយ៉ាងដូច្នេះដែរ គឺមិនរណបប្រទេសណាមួយនោះឡើយ។
ការលើកឡើងរបស់សម្តេចធិបតី នាយករដ្ឋមន្រ្តីនេះគឺបានធ្វើឡើងក្នុងឱកាស អញ្ជើញបន្តជួបសំណេះសំណាលជាមួយបងប្អូនកម្មករ និយោជិតជិតពីរម៉ឺននាក់ នៅស្រុកបាទី ខេត្តតាកែវ នាព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣នេះ។
សម្តេចធិបតី នាយករដ្ឋមន្រ្តី បានសង្កត់ធ្ងន់ថា ខណៈការដែលសម្តេចទៅប្រទេសចិនប៉ុន្មានថ្ងៃ កន្លងមកនេះគឺមានក្រុមអ្នកវិភាគមួយចំនួនបានបកស្រាយច្រើនណាស់ ហើយសម្តេចសូមសរសើរពួក គាត់ទាំងនោះពូកែខ្លាំងណាស់ក្នុងការវាយតម្លៃ ប៉ុន្តែការវាយតម្លៃរបស់ពួកគាត់គឺពុំដែលត្រូវទាល់តែសោះ ពីព្រោះថា រាល់សកម្មភាព និងគោលនយោបាយការទូតរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ ដែលដឹកនាំដោយសម្តេចនាពេលនេះគឺអនុវត្តទៅតាមគោលនយោបាយចាស់ ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា គឺធ្វើអ្វីក៏ដោយគឺគិតពីផលប្រយោជន៍ជាតិជាធំទាំងអស់។
នៅក្នុងឱកាសជួបសំណេះសំណាលជាមួយបងប្អូនកម្មករ និយោជិតនោះដែរ សម្តេចប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានវាយបកទៅកាន់អ្នករិះគន់ដែលលើកឡើងថា មានប្រទេសជាច្រើនរិះគន់កម្ពុជាដែលប្រកាន់គោលជំហរគោលនយោបាយចិនតែមួយ។
សម្តេចបានបញ្ជាក់ទៅកាន់ពួកទាំងនោះវិញថា កម្ពុជានៅតែប្រកាន់គោលជំហរនយោបាយចិនមួយដដែល ដោយជំហរកម្ពុជានេះគឺមិនខុសនោះទេ ខណៈមានប្រទេសនៅលើពិភពលោក ក៏បានប្រកាន់ជំហរដូចកម្ពុជាយ៉ាងដូច្នេះដែរដូចជាសហរដ្ឋអាមេរិក និងប្រទេសដែលមានជាសមាជិករបស់អង្គការសហប្រជាជាតិ ទាំង១៩៣ប្រទេសគឺមាន ១៨១ប្រទេសសុទ្ធតែប្រកាន់នូវគោលនយោបាយចិនមួយទាំងអស់ ៕អត្ថបទបាន ចក់
