ភ្នំពេញ ៖ សមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បង្ក្រាបករណីជួញដូរគ្រឿងញៀន នៅខេត្តកំពង់ស្ពឺ ចាប់ឃាត់ខ្លួនជនសង្ស័យ ៣នាក់ ព្រមទាំង ចាប់យកវត្ថុតាងគ្រឿងញៀន ប្រភេទមេតំហ្វេតាមីន (ICE) ជិត ១ គីឡូក្រាម ។
កាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង១០ និង២៥នាទី កម្លាំងជំនាញ (ក៥) នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដឹកនាំដោយលោក ឧត្តមសេនីយ៍ទោ សាន សុទ្ធី នាយករង និងលោកវរ:សេនីយ៍ឯក ជាវ វណ្ណា នាយការិយាល័យ (ក៥) សហការជាមួយកម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ព្រមទាំងមានកាសម្របសម្រួលពីលោក ខៃ សុភ័ស្ត ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ បើកការស្រាវជ្រាវ ស៊ើបអង្កេត ឈានទៅបង្រ្កាបជួញដូរគ្រឿងញៀន ឃាត់ខ្លួនជនសង្ស័យ ៣នាក់ នៅចំណុច ស្ថានីយ៍ប្រេង PTT បណ្តោយផ្លូវជាតិលេខ៤ ភូមិរលាំងសង្កែ ឃុំសុព័រទេព ក្រុងច្បារមន ខេត្តកំពង់ស្ពី ។
ជនសង្ស័យទាំង ០៣នាក់ ដែលត្រូវសមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន សហការជាមួយកម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បង្ក្រាប រួមមាន ១-ឈ្មោះ ភុំ បេន ភេទប្រុស អាយុ ៣៩ឆ្នាំ ជនជាតិ ខ្មែរ។ ២-ឈ្មោះ ភុំ សំបូរ ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិ ខ្មែរ។ ៣-ឈ្មោះ អាន ចិត្រា ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិ ខ្មែរ។ ចាប់យកវត្ថុតាង ម្សៅក្រាមពណ៌ស ប្រភេទ មេតំហ្វេតាមីន (ICE) ចំនួន ១កញ្ចប់ធំ ស្មើទម្ងន់ ៩៨៨,២៧ក្រាម ។
សមត្ថកិច្ចជំនាញខេត្តកំពង់ស្ពឺ កំពុងកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងខេត្តកំពង់ស្ពឺ ដើម្បីផ្តន្ទាទោសតាមនីតិវីធី ៕
អត្ថបទ ៖ តារាវុទ្ធី


